2024-05-25 06:05
237

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលិខិតអន្តរាគមន៍ឲ្យអាជ្ញាធររាជធានីភ្នំពេញ បើកផ្លូវសាធារណៈនៅចំណុច ផ្លូវ១៤៤ ដែលជាផ្លូវឌឿងហែមស្ថិតក្នុងក្រុម ៤៨ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដើម្បីប្រើប្រាស់​ជាប្រយោជន៍​សាធារណៈ​ឡើងវិញ។

កិច្ចអន្តរាគមន៍របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីរកឃើញថា «លោកស្រី ទី សុកលាង និងក្រុមគ្រួសារ កាន់កាប់ដីច្រក​ផ្លូវដើរ​សាធារណៈនេះ ដោយរំលោភលើផ្លូវសាធារណៈរបស់រដ្ឋ និងមិនមានការ​អនុញ្ញាត​ពីអាជ្ញាធរមាន​សមត្ថកិច្ច​ឡើយ»

ការអន្តរាគមន៍ខាងលើ បន្ទាប់ពីក្រសួងយុត្តិធម៌បានពិនិត្យទៅលើភស្តុតាង ការអះអាងរបស់ភាគី និង​មូលដ្ឋាន​ច្បាប់ភូមិបាលឆ្នាំ២០០១ ត្រង់មាត្រា ១៩ មាត្រា ៤៣ និងច្បាប់ស្តីពីការគ្រប់គ្រង​ ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២០ ត្រង់មាត្រា ៧៣៕