2024-06-30 02:06
154

បន្ទាយមានជ័យ៖ ក្រុមក្មេងទំនើង ចំនួន ០៨នាក់ ដែលបានបង្កើតជាក្រុមបងធំប្រចាំតំបន់និមួយៗ ដោយក្រុមទី១ មានឈ្មោះថា «TB តាប៊ន» ប្រចាំក្រុងប៉ោយប៉ែត និងក្រុមទី២ មានឈ្មោះ «OMB» ប្រចាំអូរអំបិល ក្រុងសិរីសោភ័ណ បានបើកឆាកប្រយុទ្ធគ្នាយ៉ាងអនាធិបតេយ្យបង្កឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងសង្គម ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បង្ក្រាបកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
មន្ត្រីអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ការបើកឆាកប្រយុទ្ធគ្នា របស់ក្មេងទំនើងទាំង២ក្រុម គឺ ក្រុម «TB តាប៊ន» និងក្រុម «OMB» បានកើតឡើងនៅវេលាម៉ោង ៥រសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ នៅចំណុច ក្បែរមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
   លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថក្រុង ទទួលបានព័ត៌មានពីក្រុមសង្គ្រោះបន្ទាន់ក្រុងប៉ោយប៉ែត មានករណីក្រុមក្មេងទំនើង ចំនួន ០២ក្រុមបានដេញវាយកាប់ចាក់គ្នា នៅចំណុចក្បែរមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ភ្លាមៗនោះកម្លាំងបានចុះទៅដល់កន្លែងកើតហេតុធ្វើប្រតិបត្តិការបង្ក្រាបដោយឃាត់ខ្លួនក្មេងទំនើបាន ចំនួន ០២នាក់ រួមទាំងវត្ថុតាងមួយចំនួនយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ។
ក្រោយពេលសាកសួរ ក្រុមក្មេងទំនើងទាំង២នាក់ សារភាពថា៖ «ពួកគេ និងបក្ខពួកជាច្រើនាក់ជាក្រុម «TB តាប៊ន» ប្រចាំក្រុងប៉ោយប៉ែត មានជម្លោះជាមួយ ក្រុម «OMB» ប្រចាំអូរអំបិល ក្រុងសិរីសោភ័ណ បើកឆាកប្រយុទ្ធកាប់ចាក់ចាក់គ្នាតែម្តង»។ បន្ទាប់ទទួលចម្លើយសារភាពបក្ខពួកក្មេងទំនើងនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជាបន្តបន្ទាប់បានក្មេងទំនើងបាន ចំនួន ០៦នាក់ បន្ថែមទៀត នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផលវិជ្ជមាន ចំនួន ០៣នាក់ អវិជ្ជមាន ចំនួន ០៥នាក់។
ក្មេងទំនើងទាំង ០៨នាក់ រួមមាន៖ ១៖ ឈ្មោះ ធី ចាន់ទី ភេទប្រុស អាយុ ២៤ឆ្នាំ, ២៖ ឈ្មោះ អ៊ីម ណារ៉ូ ភេទប្រុស អាយុ ១៦ឆ្នាំ,  ៣៖ ឈ្មោះ ព្រែក វ៉ែន ភេទប្រុស អាយុ ២០ឆ្នាំ, ៤៖ ឈ្មោះ ភាព សុភី ភេទប្រុស អាយុ ១៦ឆ្នាំ, ៥៖ ឈ្មោះ នឿត  មិនា ហៅយ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ, ៦៖ ឈ្មោះ លៀង សុខលាភ ភេទប្រុស អាយុ ១៧ឆ្នាំ, ៧៖ ឈ្មោះ ណាក់ ណាង ភេទប្រុស អាយុ ១៦ឆ្នាំ និងទី៨៖ ឈ្មោះ ផេង ម៉េងលី ភេទប្រុស អាយុ ២៤ឆ្នាំ ពួកគេរស់នៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 
ចំពោះវត្ថុតាងដកហូត រួមមាន៖ ម៉ូតូ ម៉ាកហុង C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1W-9101 ចំនួន ០១គ្រឿង, កាំបិតកែច្នៃ ប្រវែង ៥៨សង់ទីម៉ែត្រ ចំនួន ០១ដើម, ដំបងឈើ ប្រវែង ៩៧សង់ទីម៉ែត្រ ចំនួន ០១ដើម។
គួរបញ្ជាក់ផងថា ក្រុម «TB តាប៊ន» ដែលបង្ក្រាបបានពួកគេបានចងជាគ្រុម និងទំនាក់ទំនងគ្នាតាមប្រព័ន្ធMessenger ហើយច្រើនប្រមូលផ្តុំ និងណាត់ជួបជុំគ្នា នៅម្ដុំបូរី សាន ហូរ  ក្រុមនេះច្រើនមានគូរជម្លោះជាមួយក្រុម «OMB» អូរអំបិល ក្រុងសិរីសោភ័ណ និងក្រុម «JKH ជើងកន្ត្រៃហោះ» ក្រុងប៉ោយប៉ែត ជាញឹកញាប់។
   លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា តាមចម្លើយក្មេងទំនើងទាំងអស់បានឆ្លើយសារភាពថា៖ «ពួកខ្លួនពិតជាបានប្រមូលផ្តុំគ្នីគ្នាផឹកស៊ីជាក្រុម និងបានប្រមូលបក្ខពួកមានទាំងដំបង និងកាំបិតដេញកាប់ទៅ ក្រុម OMB ពិតប្រាកដមែន»។ ក្រោយពេលចាប់ខ្លួន កម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា៖ «ការបង្ក្រាបករណីខាងលើនេះ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្មេងទំនើងទាំង ០៨នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕