2024-06-24 08:06
126

ខេត្តពោធិ៍សាត់: មានការភ្ញាក់ផ្អើលមួយបានកើតឡើងដល់ប្រជាពលរដ្ឋនិងអ្នកដំណើរកំពុងចរាចរណ៍ទៅមក នៅតាមដងផ្លូវជាតិលេខ៥ រហូតមានគ្រោះថ្នាក់ចរាចរណ៍ដល់ពីរករណី ដោយនគរបាលក្រុងពោធិ៍សាត់ ដេញចាប់មុខសញ្ញាជួញដូរគ្រឿងញៀន។ 
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៤  ខែមិថុនា ឆ្នាំ២០២៤ ដោយចាប់ពីទីរួមក្នុងក្រុងពោធិ៍សាត់រហូតដល់ ស្រុកបាកាន។
ប្រភពពីនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា: នៅម៉ោងកើតហេតុខាងលើ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានដេញតាមមុខសញ្ញាជូញដូរដោយខុសច្បាប់នូវសារធាតុញៀន ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកដំណើរកំពុងចរាចរណ៍ទៅមុខនៅលើផ្លូវជាតិលេខ៥។  រហូតដល់ចំណុចមុខផ្លូវចូលវត្តបាកាន ស្ថិតនៅភូមិត្រពាំងជង ឃុំត្រពាំងជង ជនសង្ស័យបានបើករថយន្តគៀម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ផ្លាកលេខ ពោធិ៍សាត់ 1M-6051 បើកបរដោយឈ្មោះ សូ សំណាង ភេទប្រុសអាយុ៣៥ រស់នៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ បណ្ដាលអោយម៉ូតូដួល បែកក្បាលខាងមុខ ។ ភ្លាមៗនោះជនសង្ស័យ បានបត់រថយន្តត្រឡប់បកក្រោយវិញ មកដល់ត្រង់មុខសាលាឃុំស្នាមព្រះ ស្ថិតក្នុងភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន  បានបុក រថយន្ត០១គ្រឿងទៀត ម៉ាកតូយ៉ូតា ឆ្លាម ពណ៌ទឹកមាស ផ្លាកលេខ បាត់ដំបង 2A-8352 បើកបរដោយឈ្មោះ ជួន វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិទួលគគី ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង រងការខូចខាតគូទខាងក្រោយរថយន្ត ក៍ត្រូវបានកម្លាំងប៉ុស្ដិ៍រដ្ឋបាលមូលដ្ឋានឃុំស្នាមព្រះ និងកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបាកាន ឃាត់ខ្លួនជនសង្ស័យបានតែម្ដង។
    នគរបាលជំនាញក្រុងពោធិសាត់បានបន្តឲ្យដឹងទៀតថា: ជនសង្ស័យជាមុខសញ្ញាជួញដូររក្សាទុកគ្រឿងញៀនដោយខុសច្បាប់នោះមានឈ្មោះ ប៉ុក សារិន អាយុ៣១ឆ្នាំ ភេទប្រុស រស់នៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ 
ហើយសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន:រថយន្ត លុចស៊ីស RX300 ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AP-1530ទូរស័ព្ទចំនួន០២គ្រឿង កុំព្យូទ័រ(ខូច)០១ ដែកកេះ០១ កាបូបដៃ០១ លុយខ្មែរ៥០០០០ លុយដុល្លា១០ដុល្លាសៀវភៅកត់ត្រាទិញ-លក់គ្រឿងញៀន ០១ក្បាល។
ដោយបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ខាងនគរបាលអធិការរដ្ឋានជំនាញក្រុងពោធិ៍សាត់ កំពុងបំពេញនិតិវិធីចាត់ការបន្តទៅតុលាការ៕ លាន គ្រន