2024-08-28 12:08
51

(ភ្នំពេញ)៖ខ្មាន់កាំភ្លើងមួយក្រុម បានបើករថយន្តford ranger មួយគ្រឿង បួងចង្កូតទៅបុករថយន្តមែកសឺដេសចំពីមុខពេញទំហឹង រួចចុះមកដកកាំភ្លើងបាញ់រះជាច្រើនគ្រាប់ សំដៅទៅលើភាគីរថយន្ត មែកសឺដេស ដែលនៅក្នុងនោះមានគ្នា៣នាក់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ចំណែកម្នាក់ទៀតដែលជាជនជាតិចិន ត្រូវខ្មាន់កាំភ្លើងទាំងនោះចាប់និងដឹកតាម រថយន្តឡង់គ្រីស័រ មួយគ្រឿងបើកគេចខ្លួនបាត់ស្រមោលភ្លាមៗផង             ដែរ។  ហេតុការណ៍ដ៏កម្រនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវ១០៤ ស្ថិតក្នុងភូមិក្រពើ ទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាក មេកសឺដេសពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2BF-8168 បើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ រួមដំណើរជាមួយបុរសជនបរទេស  ២នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ១០៤ ក្នុងទិសដៅពីលិចមកកើត។     
 
         ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែគេឃើញ មានរថយន្តមួយគ្រឿងទៀតម៉ាក ford rangerពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BV-5779 ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់គ្នា ក្នុងល្បឿនយ៉ាងលឿន រួចបានបួងចង្កូតងាកមកខាងឆ្វេងដៃទៅបុកចំពីមុខរថយន្ត មែកសឺដេសយ៉ាងពេញទំហឹង បន្ទាប់មកក៏បានបើកទ្វារចុះដកកាំភ្លើង វែងនិងកាំភ្លើងខ្លីបាញ់ប្រហារទៅលើរថយន្តមែកសឺដេសជាច្រើនគ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ចំនួន២នាក់ ដែលក្នុងនោះមានម្នាក់ជាជនជាតិខ្មែរត្រូវបានរថយន្តសាម៊ុយដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះ ប៉ុន្តែជាអកុសលដោយសារស្ថានភាពធ្ងន់ធ្ងរពេក ក៏បានស្លាប់បាត់បង់ជីវិត តែម្តង ចំណែកឯបុរសជនបរទេសម្នាក់ទៀតត្រូវបានក្រុមខ្មាន់កាំភ្លើងចាប់បានហើយមានរថយន្តឡង់គ្រីស័រមួយគ្រឿងទៀតមិនចាំផ្លាកលេខមកដឹករំដោះក្រុមខ្មាន់កាំភ្លើងគេចខ្លួនបាត់ស្រមោល។

ភ្លាមនោះដែរ ក៏មានកម្លាំងសមត្ថកិច្ចចម្រុះនៃអធិការរដ្ឋាននគរបាលខណ្ឌក៏បានចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ តាមរកខ្មាន់កាំភ្លើង ដើម្បីយកមកចាត់ការតាមនីតិវិធី៕