2024-04-30 08:04
28


ស្ទឹងត្រែង៖ មេខ្លោងកាប់ទន្ទ្រាន រុករាន កាន់កាប់ និងរំលោភយកដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធ នៅតំបន់ការពារអភិរក្សអូរវល្លិប្រាំដំឡឹង ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ត្រង់ចំណុច ភ្នំក្រឡាពស់ ក្នុងស្រុកសេសាន ត្រូវបានកម្លាំងថ្នាក់ជាតិសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធចុះបង្ក្រាបរឹបអូសដីព្រៃយកមកជាសម្បត្តិរដ្ឋវិញ និងឃាត់ខ្លួនមេខ្លោង ចំនួន ១០នាក់បញ្ជូនទៅតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នរងចាំធ្វើការស៊ើបអង្កេតបន្ត។        
នៅក្នុងសន្និសីទសារព័ត៌មាន នៅសាលាខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នេះ លោក ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាប្រធានទី២ នៃក្រុមអន្តរាគមន៍ពិសេស របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា: មេខ្លោងកាប់រានដីព្រៃ និងបានបោកបញ្ឆោតគៀងគរប្រជាពលរដ្ឋធ្លាក់ចូលក្នុងបទល្មើស ចំនួន១០នាក់ ត្រូវបានចាប់ខ្លួនបន្តបន្ទាប់បញ្ជូនទៅតុលាការ។
    លោកបានបន្ថែមទៀតថា: ប្រតិបត្តិការដ៏ក្តៅគគុកពាក់ព័ន្ធករណីកាប់រាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ក្នុងតំបន់ការពារ និងអភិរក្សរាប់ពាន់ហិចតា ត្រូវបានចុះបង្ក្រាបទប់ស្កាត់ដកហូតយកមកវិញបានដោយជោគជ័យ និងនៅសេសសល់បាននិងកំពុងបន្តអនុវត្តតាមគោលការណ៍ច្បាប់។
ចំពោះមេខ្លោងបានបោកបញ្ឆោតគៀងគរប្រជាពលរដ្ឋរាប់ ១០០គ្រួសារ លក់ក្នុងតម្លៃថោកដោយពួកគេអះអាង ប្រាប់ប្រជាពលរដ្ឋថា៖ ដីទាំងនោះមានឯកសារមិនពាក់ព័ន្ធល្មើសច្បាប់នោះទេ ប៉ុន្តែការពិតទីតាំង គឺស្ថិតក្នុងតំបន់ការពារ និងអភិរក្សអូរវល្លិប្រាំដំឡឹង ស្ថិតក្នុងស្រុកបុរីអូស្វាយសែនជ័យ និងចំណុច ក្រឡាពស់ ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្រោយការចាប់មេខ្លោងជាបន្តបន្ទាប់ និងកសាងបញ្ជូនសំណុំរឿងទៅតុលាការ ព្រមទាំងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគាររួចមកក្រុមការងាររួមទាំងថ្នាក់ខេត្ត និងមន្ទីរពាក់ព័ន្ធបានសម្របសម្រួល និងពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ដែលដែលមិនយល់ពីផ្លូវច្បាប់ដែលចាញ់បោកមេខ្យល់ទាំង
  នោះឲ្យយល់ពីផ្លូវច្បាប់ ប្រជាពលរដ្ឋក៏បានសម្រេចចិត្តរុះរើ និងវិលត្រឡប់ទៅស្រុកកំណើតវិញដោយពុំមានបាតុភូតអ្វីកើតឡើងនោះឡើយ។   
ចំណែកផ្ទៃដីដែលបានដកហូតមកវិញនោះ គឺបានប្រគល់ទៅឲ្យមន្ទីរជំនាញពាក់ព័ន្ធជាអ្នកគ្រប់គ្រងវិញ ហើយករណីបង្ក្រាបនេះផងដែរ ក្រុមការងារថ្នាក់ជាតិរួមទាំងថ្នាក់ខេត្តមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធនៅតែបន្តបង្ក្រាបដោយគ្មានការលើកលែង និងឃាត់ខ្លួនអ្នកពាក់ព័ន្ធបើសិនជាមានការកាប់ទន្ទ្រានដីព្រៃខុសច្បាប់បន្តទៀត។   
ចុងក្រោយ លោក ប៉ាន់ ខែម ប៊ុនថន បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ឈប់ជឿលើការឃោសនារបស់មេខ្លោង ឬមេខ្យល់ដែលបំផុសបំផុលនាំឱ្យមានបទល្មើសដោយមិនដឹងខ្លួន៕