2024-05-07 06:05
27

ខេត្តកំពត ៖ បុរសម្នាក់បន្ទាប់ពីនាំគ្នាមកពីរើសផ្លែសំរ៉ងនៅលើភ្នំ លុះពេលត្រឡប់មកដល់ផ្ទះវិញក៏បានជួបជុំគ្នាផឹកស៊ី ក្លែមគីង្គក់និងកង្កែបឆាក្តៅ លុះយប់ឡើងស្រាប់តែញាតិប្រទះឃើញដេកបែកពពុះមាត់ស្លាប់បាត់បង់ជីវិតតែម្តង ។ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រហែល១១យប់ថ្ងៃទី ៦ខែឧសភា ឆ្នាំ ២០២៤ ស្ថិតនៅចំណុចភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។    

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ លុយ ដា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
បើតាមសាច់ញាតិបានប្រាប់ថាមុនពេលកើតហេតុជនរងគ្រោះរួមនិងអ្នកភូមិផ្សេងទៀតបាននាំគ្នាមកពីរើសផ្លែសំរ៉ងនៅលើភ្នំ លុះយប់ឡើងក៏បាននាំគ្នាផឹកស៊ី ក្លែមជាមួយឆាក្តៅកង្កែប និងគីង្គក់ បន្ទាប់ពីឈប់ផឹកក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ។មួយសន្ទុះក្រោយមកស្រាប់តែបងថ្លៃជនរងគ្រោះ លឺសូរជនរងគ្រោះក្អួតក៏ដើរទៅមើល និងរកកោសខ្យល់ឲ្យប៉ុន្តែជនរងគ្រោះប្រាប់ថាមិនអីទេ ខណៈនោះបងថ្លៃក៏បានដើរទៅផ្ទះវិញ លុះប្រហែលម៉ោងជាង១១ យប់បងថ្លៃក៏បានមកមើលម្តងទៀតស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅផ្លូវចូលផ្ទះបាយបាត់ទៅហើយ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើកោ សល្យវិច័យ រួចបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ក្រោយពិនិត្យរួចក៏បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។