2024-03-01 07:03
53

រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាលកាលពីថ្ងៃទី២៩ខែកុម្ភៈ ឆ្នាំ២០២៤ មានបើកកិច្ចប្រជុំលើកទី៦របស់ក្រុមការងារដើម្បីពិនិត្យនិងធ្វើបច្ចុប្បន្នភាព "សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក (CPA Guidelines)" ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលតំណាងឯកឧត្តមសាស្ត្រាចារ្យឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ 
  នៅក្នុងកិច្ចប្រជុំខាងលើនេះបានធ្វើការ ពិភាក្សាយ៉ាងលម្អិតលើការធ្វើបច្ចុប្បន្នភាព នៃកញ្ចប់សេវាគ្លីនិក ផ្នែកសម្ភពនិងរោគស្ត្រី កញ្ចប់សេវាផ្នែកមន្ទីរពិសោធន៍ និងការងារពាក់ព័ន្ធបន្ថែមមួយចំនួនទៀតផងដែរ ។
  គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះក្រុមការងារបានដំណើរការការងាររបស់ខ្លួនអស់          រយៈពេលជាង៥ខែ និងបានបំពេញការងារបានប្រមាណ៤៥% ធៀបនឹងទំហំការងារសរុប ហើយដែលគ្រោងនឹងបញ្ចប់តាមផែនការគ្រោងទុកនៅបំណាច់ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ 
  កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយផ្ទាល់ និងអនឡាញ តាមប្រព័ន្ធZoom ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងនាយកដ្ឋាន អង្គភាពថ្នាក់កណ្តាល តំណាងមន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្ត  តំណាងដៃគូអភិវឌ្ឍន៍ សមាជិកសមាជិការក្រុមការងារ និងអ្នកពាក់ព័ន្ធសរុបចំនួន ៤៥ រូបផងដែរ។