2024-03-10 06:03
56

ពោធិ៍សាត់៖ រឿងរ៉ាវមិនប្រក្រតីរបស់ លោក កន ខាន់ដា មេឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងស៊ីញ៉េបញ្ជាក់លើបង់បង្ហាញទីតាំងដីព្រៃរបស់រដ្ឋជាង ៦ពាន់ហិតយកទៅលក់ឱ្យក្រុមហ៊ុនក្នុងតម្លៃរាប់លានដុល្លារ ត្រូវបានបែកធ្លាយជាបន្តបន្ទាប់ ក្រោយលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រកាសប្រើកណ្តាប់ដៃដែក ដោយមានវិធានផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះបុគ្គលទាំងឡាយណាមានការពាក់ព័ន្ធការបំផ្លិចបំផ្លាញធនធានធម្មជាតិ ជាពិសេសករណីលក់-ទិញរំលោភយកដីរដ្ឋធ្វើកម្មសិទ្ធត្រូវប្រគល់ឱ្យរដ្ឋវិញ និងដកខ្លូនចេញជាបន្ទាប់។
   តាមប្រភពព័ត៌មាន បានបញ្ចេញនូវប្លង់បង្ហាញទីតាំងដី ចំនួន ០២កន្លែង សរុបជាង ៦ពាន់ហិកតា ដែលមានចុះហត្ថលេខាប្រថាប់ត្រាដោយមេភូមិ និងរដ្ឋបាលឃុំ ដើម្បីយទៅលក់ឱ្យក្រុមហ៊ុនក្នុងតម្លៃរាប់លាន់ដុល្លារនោះ ត្រូវបានទម្លាយជាបន្តបន្ទាប់ ក្នុងនោះ ប្លង់បង្ហាញទីតាំងទី១ មានទំហំ ៣ ៧២៦.៥៥ហិកតា ស្ថិតក្នុងភូមិក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ដោយមានកំណត់និយាមការព្រំដីត្រឹមត្រូវដោយបញ្ជាក់ថា ជា «ដីរបស់ប្រជាពលរដ្ឋ» ដោយមានឈ្មោះ ឆឺត រៀប ជាតំណាងឱ្យអ្នកភូមិ ចំនួន ៣២៨គ្រួសារ មានហត្ថលេខាបញ្ជាក់ពីលោក ជឿម សេងហេង មេភូមិក្រសាំងព្នៅ និងលោក កន ខាន់ដា មេឃុំក្រពើពីរផងដែរ។ ចំពោះប្លង់បង្ហាញទីតាំងដីមួយកន្លែងទៀត មានទំហំ ២ ៥០០ហិកតា ស្ថិតក្នុងភូមិអូររំចេក និងភូមិអូរតាទិន ឃុំក្រពើពីរ មានចុះហត្ថលេខារបស់លោក ចាន់ ស៊ីចន មេភូមិ និងលោក កន ខាន់ដា មេឃុំដូចគ្នា។
   យោងតាមឯកសារលក់-ទិញដីមួយច្បាប់ដែលក្រុមការងារទទួលបាន បានបញ្ជាក់ថា បុគ្គលឈ្មោះ សាត សុគា ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ កាន់អត្តសញ្ញាប័ណ្ណលេខ ១៦០៥២៤០៤៩ និងឈ្មោះ អាន សារឿន ភេទប្រុស អាយុ ៦០ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៦០៣១៥១៩៩ បានលក់ដីទំហំ ២ ៥០០ហិកតា ស្ថិតក្នុងភូមិអូររំចេក ភូមិក្រសាំងព្នៅ និងភូមិអូរតាទិន ឃុំក្រពើពីរ ស្រុកវាលវែង ឱ្យទៅឈ្មោះ សិន រ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅផ្លូវប៉េតុង (អង្គកែវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាន់អត្តសញ្ញាណប័ណ្ណលេខ ១០០២៤៣៥៧៦ ក្នុងតម្លៃ ២ ៨០០ដុល្លារ ១ហិកតា ឬស្មើនឹង ៧លានដុល្លារ និងសម្រេចដកកម្រៃជើងសារឱ្យអ្នកនាំភ្ញៀវ ១០០ដុល្លារក្នុងមួយហិកតា។
   តាមប្រភពបានឱ្យដឹងថា ដីទំហំ ២ ៥០០ហិកតា ត្រូវបានលោកមេភូមិ មេឃុំ និងអ្នកពាក់ព័ន្ធរហូតមានមន្ត្រីថ្នាក់បានឃុបឃិតគ្នាជាប្រព័ន្ធដើម្បីរៀបចំឯកសារកាន់កាប់ក្លែងក្លាយយកប្រជាពលរដ្ឋខ្លែលយកដីព្រៃរបស់រដ្ឋ ដែលស្ថិតក្នុងតំបន់អភិរក្សសត្វព្រៃដែលការពារដោយព្រះរាជក្រឹត្យយកទៅលក់ឱ្យឈ្មួញ និងក្រុមហ៊ុនយកលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងរំភើយ។ ប្រភពបន្តទៀតថា បច្ចុប្បន្ន ដីព្រៃរបស់ក្នុងស្រុកវាលវែង កំពុងវិនាសហិនហោចស្ទើអស់ទាំងស្រុងទៅហើយសូម្បីតែលើកំពូលភ្នំក៏ត្រូវបានឈូសឆាយ កាប់ទន្ទ្រាន រំលោភយកធ្វើជាកម្មសិទ្ធឯកជនផងដែរ។

   ជុំវិញបញ្ហាដ៏ក្តៅគគុកករណីខាងលើនេះ លោក ខូ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងក្នុងកិច្ចប្រជុំបន្ទាន់កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅជាមួយអនុគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តទាំង ៩ក្រុម ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ស្រុក «បច្ចុប្បន្ននេះគ្រោះមហន្តរាយដ៏សាហាវ កំពុងតែបំផ្លិចបំផ្លាញយ៉ាងក្តៅគគុកធនធានធម្មជាតិ និងការរំលោភបំពានយកដីព្រៃរបស់រដ្ឋ ដោយមានអ្នកចំណូលមកពីខាងក្រៅស្រុក មានខ្មោចក្នុងស្រុក និងមន្ត្រីក្នុងស្រុកក៏មានជាប់ពាក់ព័ន្ធដែរ»។ លោកអភិបាលខេត្តបានថ្លែងបញ្ជាក់ទៀតថា «ការអញ្ជើញមកប្រជុំបន្ទាន់នេះ មិនមែនឱ្យទៅមើលទេ គឺកំណត់មុខសញ្ញា អត្តសញ្ញាណទាំងសុំគោលការណ៍មកខេត្ត និងឆ្លងយោបលទៅប្រមុខរាជរដ្ឋាភិបាល នឹងចាត់ការតាមផ្លូវច្បាប់ដោយគ្មានការគួរសម យោបយល់ទៀតទេ ជាពិសេសក្រុមចម្រុះទាំង ៩ក្រុមត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត»។
  លោក ខូយ រីដា បានថ្លែងបញ្ជាក់ថា «លោកបានចុះពិនិត្យមើលឃើញថា វានឹងរលាយអស់តែម្តង បើបណ្តែតបណ្តោយលោកអភិបាលស្រុកតាមគោលដៅពួកគាត់មិនដឹងថាត្រូវធ្វើអ្វីទេ»។ លោកអភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា «បើបាត់បង់អស់ព្រៃឈើអស់លោកក៏អស់តួនាទីដែរ និងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ទៀត មិនមែនជារឿងលេងសើចទេ មិនអាចអង្គុស្ងៀមទៀតបានទេ តែមួយឆ្នាំវានឹងសូន្យព្រោះពីភ្នំមួយទៅភ្នំមួយសុទ្ធមានម្ចាស់អស់ហើយ តើអ្នកណាជាអ្នកទទួលខុសត្រូវ?»។
   លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសង្កត់ធ្ងន់ៗថា «អ្នកណាក៏ដោយមិនបាច់ខ្លាចទេ ត្រូវតែអនុវត្តន៍ឱ្យម៉ត់ចត់លោកទទួលខុសត្រូវទាំងអស់ចំពោះកិច្ចការងារនេះ កុំថាផ្កាយ ឬថ្នាក់ណាក៏ដោយលោកហ៊ានចាត់ការ និងហ៊ានទទួលខុសត្រូវ ព្រោះពេលនេះវាធ្ងន់ធ្ងរណាស់វាងវែលស្ទើរក្លាយទៅជាសូន្យគ្មានពាក្យនឹងវាចារទេ»។
  លោក ខូយ រីដា បានបញ្ជាក់ថា «បើអស់ព្រៃឈើ គឺមានរឿងហើយឃើញទំទប់ស៊ី ដូចជាករណីនៅឃុំក្រពើពីរស៊ីញ៉េលក់-ទិញដីតម្លៃ ៧លានដុល្លារ រឿងនេះមិនអាចព្រលែងបានទេ សូម្បីតែលោកជាអភិបាលខេត្តមិនហានផង គ្រាន់តែដី១០០ ឬ២០០ហិកតាក៏ស្នើសុំទៅថ្នាក់លើដែរ»៕