2023-06-28 11:06
269

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នេះ បានចាត់ទុកថា «ការហោះចូលដែនអាកាសកម្ពុជា របស់យន្តហោះគ្មានមនុស្សបើកបរ គឺការរំលោភបំពានយ៉ាងគន្លើន និងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា»។ 

សេចក្តីថ្លែងការណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានតាមដានដោយ ការយកចិត្តទុកដាក់បំផុត ចំពោះហេតុការណ៍ដែលបានកើតឡើងប៉ុន្មានថ្ងៃមុននេះ នៅក្នុងខេត្តដាឡាក់ (Dak Lak) ប្រទេសវៀតណាម និងចាត់ទុកការវាយប្រហារដោយក្រុមប្រដាប់អាវុធខុស ច្បាប់ ទៅលើស្នាក់ការប៉ូលីសនៅក្នុងឃុំ Ea Tieu និង Ea Ktur គឺជាអំពើភេរវកម្ម ដែលប៉ះពាល់ដ៏ ធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថេរភាពរបស់ប្រទេសជិតខាងជាមិត្ត។ 

ក្នុងស្មារតីប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការគោរពអធិបតេយ្យ និងគោលការណ៍មិនអនុញ្ញាតឱ្យ កម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងនឹងប្រទេសជិតខាងជាមិត្តនោះ កម្ពុជាបាន និងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរនិងកម្លាំងប្រដាប់អាវុធវៀតណាម ក្នុងការទប់ស្កាត់ មិនឱ្យអំពើខុសច្បាប់បែបនេះកើតឡើងជាថ្មីនោះឡើយ។ 

ជាមួយនេះ បន្ទាប់ពីព្រឹត្តិការណ៍ហិង្សាខាងលើនេះ កម្ពុជាក៏ទទួលបានព័ត៌មានពីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចនៅតាមបណ្ដោយខេត្តជាប់ព្រំដែនជាមួយនឹងវៀតណាម ពោលគឺខេត្ត រតនៈគីរី និងខេត្តមណ្ឌលគីរី មានយន្តហោះគ្មានមនុស្សបើកបរ (drones) ហោះចូលដែន អាកាសកម្ពុជា ជាញឹកញាប់ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ 

ទង្វើរបស់ក្រុមមិនស្គាល់អត្តសញ្ញាណនេះ គឺជាការរំលោភបំពានយ៉ាងគន្លើននិងមិនអាច អត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានបើ ប្រាស់សិទ្ធិការពារខ្លួន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់និងសមស្របខាងផ្នែកយោធា ដើម្បីរារាំងនូវ ការហោះចូល ដោយយន្តហោះគ្មានមនុស្សបើកបរនោះ សាជាថ្មីចូលមកក្នុងដែនអាកាសរបស់ កម្ពុជា។ 

ក្នុងករណីរកឃើញប្រភពពិតនៃយន្តហោះគ្មានមនុស្សបើកបរទាំងនោះ រាជរដ្ឋាភិបាលកម្ពុជា នឹងមានវិធានការបន្តខាងផ្លូវច្បាប់និងការទូត ដើម្បីប្តឹងតវ៉ាទៅនឹងការឈ្លានពាននេះមកលើ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា៕