2023-09-30 04:09
224

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បញ្ជាការដ្ឋានទ័ពពិសេស បានរៀបចំសម្ភារៈសង្គ្រោះគ្រោះមហន្តរាយមាន រថយន្តចំនួន០៥គ្រឿង រថយន្តសង្គ្រោះ០២គ្រឿង ទូក១៥គ្រឿង អូប័រ០៣គ្រឿង អាវសង្គ្រោះ១២០អាវ ច្រវ៉ា៣៦ច្រវ៉ា និងសម្ភារៈសង្គ្រោះមួយចំនួនទៀត បានលើកទុកដាក់លើរថយន្តរួចជាស្រេច ដើម្បីត្រៀមជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ។

លោកឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បានឲ្យដឹងថា ការត្រៀម កម្លាំង១កងអនុសេនា ធំរុករក និងសង្គ្រោះលេខ៩១១ ចំនួន១២០នាក់ និងសម្ភារៈសង្គ្រោះខាងលើនេះធ្វើឡើងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងការចុះជួយប្រជាពលរដ្ឋ នៅពេលមានសំណូមពរចាំបាច់ណាមួយ។

ក្នុងរយពេលពេល២ថ្ងៃនេះ គឺថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង បានបញ្ជាកម្លាំងក្រុមរុករក និងសង្គ្រោះចំនួន២០នាក់ ដឹកដោយលោកវរសេនីយ៍ឯក នុត ចាន់ម៉ូរ៉ា នាយរង សេនាធិការបញ្ជាការដ្ឋានទ័ពពិសេស ចុះជួយរុករកសាកសពក្មេងប្រុស ដែលលោតធ្វើអត្តឃាតពីលើស្ពានជ្រោយចង្វាផងដែរ៕