2023-10-19 10:10
222

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានការរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយ ចំនួននៅប្រទេសកម្ពុជា។ 

ក្រោយពេលរកឃើញជំងឺឆ្លងភ្នែកក្រហមថ្មីនេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល, មន្ទីរសុខាភិបាល, ស្រុកប្រតិបត្តិ, មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព បានចុះអង្កេត ឆ្លើយតប តាមដាន ផ្តល់ការព្យាបាល និងអប់រំបង្ការការ ឆ្លងរាលដាល ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ចំពោះរោគសញ្ញាជំងឺឆ្លងភ្នែកក្រហម រួមមាន៖ នៅផ្នែកសនៃភ្នែក ឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របក ភ្នែកជាពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន រកាំភ្នែកដោយសារមានអារម្មណ៍ថា មានអ្វីនៅក្នុងភ្នែក ឬចង់ញីភ្នែក រមាស់ភ្នែក រលាក និង/ឬក្រហាយភ្នែក មានអាចម៍ភ្នែក (ពណ៌ខ្ទុះ ឬពណ៌ទឹកបាយ) ឈឺគ្រាប់ភ្នែក ។ល។ ជំងឺភ្នែកក្រហមបណ្តាលមូលហេតុធំៗដូចខាងក្រោម៖

ក្រសួងបានបន្ថែមទៀតថា «ជំងឺភ្នែកក្រហមបង្កឡើងដោយវីរុស និងបាក់តេរីឆ្លងលឿនណាស់ រាលដាលយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅមនុស្សផ្សេងទៀត។ អ្នកអាចកាត់បន្ថយហានិភ័យ នៃការកើតជំងឺភ្នែកក្រហម ឬការចម្លងទៅអ្នកដទៃដោយអនាម័យល្អ ត្រូវលាងសម្អាតដៃឱ្យបានស្អាតជានិច្ច និងហាមប្រើប្រាស់ប្រាស់របស់របររួមគ្នា និងត្រូវអនុវត្តន៍វិធានការផ្សេងៗទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល»។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ចំពោះការថែទាំ និងព្យាបាលជំងឺឆ្លងភ្នែកក្រហម ករណីភាគច្រើននៃជំងឺឆ្លងភ្នែកក្រហម គឺស្រាល ជាធម្មតាការឆ្លង និងជាសះស្បើយក្នុងរយៈពេលពី ៧ទៅ១៤ថ្ងៃ ដោយមិនតម្រូវឱ្យមានការព្យាបាល និងមិនមានផលវិបាករយៈពេលវែងនោះទេ។ ទោះយ៉ាងណាក៏ដោយក្នុង ករណីខ្លះការរលាកភ្នែកដោយវីរុសត្រូវការរយៈពេល ២ទៅ៣សប្តាហ៍ ឬច្រើនជាងនេះ ដើម្បីជាសះស្បើយ។ គ្រូពេទ្យអាចផ្តល់ថ្នាំអង់ទីប៊ីយោទិច ដូចជា៖ ថ្នាំបន្តក់ភ្នែក ឬថ្នាំដាក់ភ្នែក។ ការឱ្យថ្នាំបន្តក់ ឬថ្នាំដាក់ភ្នែកជួយបន្ថយរយៈពេលនៃការឆ្លង, កាត់បន្ថយផលវិបាក, និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ៕