2024-02-07 12:02
57

ភ្នំពេញ:   ស្រ្តីម្នាក់ខណៈជិះម៉ូតូឆ្លងផ្លូវ ចៃដន្យស្រាប់តែមានរថយន្តមួយគ្រឿងបើកបុកពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់  ផ្អើលឡើងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០២៤ ស្ថិតនៅ តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាសពស្ត្រីរងគ្រោះមានឈ្មោះ ភឿន សុភណ័្ឌ អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខផ្សារទំនើបអ៊ីអន៣ ស្នាក់នៅបន្ទប់ជួល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានស្រុកកំណើត ស្រុកគិរីវង់ ខេត្តតាកែវ។

 ប្រភពបន្ថែមថាមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកនិច ពាក់ផ្លាកលេខ ភ្នំពេញ 1FE 0563 ចេញពីផ្លូវលំឆ្លងផ្លូវ៦០ម៉ែត្រ គោលបំណងទៅធ្វើការស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាកលុចស៊ីសRX 300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2R-1842បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ ៦០ម៉ែត្រទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលអោយស្រ្តីរងគ្រោះខ្ទាតជាច្រើនម៉ែត្រស្លាប់ភ្លាមៗយ៉ាងរន្ធត់តែម្តង ក្រោយកើតហេតុរថយន្តបង្កបានព្យាយាមបើកបត់ត្រឡប់ក្រោយដើម្បីគេចខ្លួនប៉ុន្តែត្រូវបានសមត្ថកិច្ចគោលដៅបើក            រថយន្ត ដេញតាមរហូតដល់វត្តគោកអំពិលផ្លូវ៥០ម៉ែត្រ ទើបឃាត់បាន។

 បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងរថយន្តនិងម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងរួចអូសយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។