2024-04-04 03:04
38

រតនគិរី ៈ កាលពីរសៀលថ្ងៃទី០៣ខែ មេសា ឆ្នាំ២០២៤ ឯកឧត្តមប៉េង ពោធិ៍នា រដ្ឋ           មន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន រួមនឹងប្រតិភូអមដំណើរបានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ មន្ត្រីរាជការ នៃមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្តរតនគិរី ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាខេត្ត អង្គភាពមន្ទីរនាជុំវិញខេត្ត ជាច្រើនរូបផងដែរ ។ 

នៅក្នុងឪកាសនោះឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ដើម្បីជាការឆ្លើយតបទៅនឹងចក្ខុវិស័យ មាគ៌ានយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្រសួងក៏បានដាក់ចេញនូវយន្តការគាំទ្រនូវផែនការអាទិភាពយុទ្ធសាស្ត្រចម្បងចំនួន ០៤ រួមមានទី ១ ការពង្រឹងប្រសិទ្ធភាព អភិបាលកិច្ចផ្ទៃក្នុងរបស់ក្រសួង និង អភិវឌ្ឍន៍ធនធានមនុស្ស ស្របតាមកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងនឹង ដាក់ចេញនូវយន្តការគន្លឹះនៅពេលខាងមុខនេះ ។ទី២ការធ្វើពិពិធកម្ម នៃប្រភពធនធានថវិកា និង ការអនុវត្តកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយពង្រីកការគ្រប់គ្រង និងប្រសិទ្ធភាពនៃការ ប្រើប្រាស់ថវិកា ។ទី៣ការពង្រឹងការងារនីតិកម្ម និងកសាងបទដ្ឋានបច្ចេក ទេស ។ និងទី៤ ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងឌីជីថល ក្នុងការគ្រប់គ្រង             ស្ថាប័ន និងការផ្តល់សេវារដ្ឋបាលសាធារណៈ។ ជាមួយគ្នានេះដែរ ក្រសួងក៏បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំ “ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់ បទដ្ឋានគតិយុត្តិ ការផ្តល់សេវា និងការ ប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល។ 

 និយាយជារួមក្រសួងនឹងផ្តោតទៅលើការលើកកម្ពស់ទាំងផ្នែក ទន់ និងផ្នែករឹង ដែលគាំទ្រដល់វិស័យសាធារណការ និងដឹកជញ្ជូន។ 
ទន្ទឹមនិងនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី បន្តខិតខំប្រឹងប្រែងបំពេញការងារ ដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែម នៅក្នុងអាណត្តិទី៧នេះ ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តីក៏បានបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនថ្នាក់ដឹកនាំ មន្រ្តីរាជការក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនចំនួន២៨រូប ដើម្បីជាការលើកទឹកចិត្តផងដែរ ។ 

គួរបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលខាងលើនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកនូវ គ្រឿងសម្ភារ-បរិក្ខារ សុវត្ថិភាពមួយចំនួនរួមមានមួកសុវត្ថិភាពចរាចរណ៍ចំនួន១០០មួក ស្ទីកគ័រចំណាំងផ្លាត ៥ ០០០សន្លឹក និងកៅស៊ូត្រជាក់ Cold Mix សម្រាប់ជួសជុលសំបុកមាន់ចំនួន ២០០បាវ ប្រគល់ជូនដល់មន្ទីរ សម្រាប់ប្រើប្រាស់លើការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងបានឧបត្ថម្ភនូវថវិកាមួយចំនួនដល់ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះផងដែរ។