2024-03-01 09:03
84

កណ្តាល៖ អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងរោងចក្រឧស្សាហកម្មមួយកន្លែងនៅស្រុកស្អាងធ្វើឲ្យកម្មករ-កម្មការិនីរត់ចេញប្រសាចបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះមូលហេតុមិនទាន់ដឹងច្បាស់លាស់ឡើយ។ 

ករណី​អគ្គីភ័យ​ខាងលើ បានឆេះរោងចក្រកាត់ដេរមួយមាន​ឈ្មោះ​ លីអនលី​ ស្ថិតតាមផ្លូវលេខ ២១​ស្ពានទី១៤​ ក្នុងភូមិព្រែក​ ថ្មីឃុំទឹកវិល​ ស្រុកស្អាង​ ខេត្តកណ្ដាល គិត​ត្រឹម​វេលាម៉ោង​ជាង ០៧​យប់ ​ថ្ងៃ​ទី​០១​ ខែ​មីនា​ ឆ្នាំ​២០២៤​ មិនរលត់នៅឡើយទេ។ 

តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈកម្មការ-កម្មការិនីកំពុងបំពេញការងារស្រាប់តែមានផ្សែងហុយពីរោងចក្រធ្វើឲ្យកម្មករផ្អើលឆោឡោរត់ចេញយ៉ាងប្រសាចចេញពីក្នុងរោងចក្រ។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានពីករណីនេះ កម្លាំងសមត្ថកិច្ចបង្ការពន្លត់ និងសង្គ្រោះអគ្គិភ័យគ្រប់អង្គភាពបានចេញប្រតិបត្តិការជួយបាញ់ពន្លត់ និងទប់ស្កាត់ដើម្បីកុំឲ្យរីករាលដាលកាន់តែធំ។ 

ចំពោះមូលហេតុនៃគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋានបាននៅឡើយទេ ព្រោះពេលនេះក្រុមសង្គ្រោះកំពុងមមាញឹកក្នុងការជួយសង្គ្រោះ និងបាញ់ទឹកពន្លត់៕