2024-01-06 09:01
78

ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចាត់ទុកថា រាល់សកម្មភាពរបស់បុគ្គលមួយចំនួនដែលជិះម៉ូតូនាំមុខរថយន្តគិលានសង្គ្រោះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាំងខ្លួនជាអ្នកសង្គ្រោះបន្ទាន់បឋម គឺជាទង្វើផ្ទុយនឹងច្បាប់ ដែលនាំឲ្យមានការភ័ន្តច្រឡំមកលើមន្ត្រីសុខាភិបាល និងព្រមានឲ្យបញ្ឈប់សកម្មភាពល្មើសជាបន្ទាន់ និងស្នើសមត្ថកិច្ចធ្វើការឃាត់ខ្លួនបុគ្គលទាំងនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ 

តាមរយៈសេចក្តីជួនដំណឹងចុះនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថាៈ សព្វថ្ងៃនេះ មានមនុស្សមួយចំនួនតូចបានធ្វើសកម្មភាពជិះម៉ូតូនាំមុខរថយន្តគិលានសង្គ្រោះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជាសកម្មភាពបង្កឱ្យមានរូបភាពអវិជ្ជមាន នូវភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ ភាពប៉ះពាល់ ដល់ការសង្គ្រោះ និងភាពភ័ន្តច្រឡំមកលើមន្ទីរសុខាភិបាល។ 

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាៈ ចំពោះសកម្មភាពខុសច្បាប់ដែលមនុស្សមួយចំនួនតូចនេះបានបង្កនោះ គឺពួកគេបានប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួន ដោយមានការតុបតែងភ្លើងសញ្ញា ការបិតស្លាកសម្គាល់តាំងខ្លួនជាភ្នាក់ងារសង្គ្រោះ និងធ្វើសកម្មភាពសង្គ្រោះបឋម ផ្សេងៗ នៅពេលដែលខ្លួនគ្មានវិជ្ជាជីវៈពិតប្រាកដ និងគ្មានការអនុញ្ញាតពីមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ។ 

មន្ទីរសុខាភិបាល រាជធានីភ្នំពេញ សូមបញ្ជាក់ទៀតថាៈ អំពីផលវិបាក នៃសកម្មភាពខុសច្បាប់ខាងលើនេះ បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងអាចធ្វើឱ្យជនរងគ្រោះកាន់តែមានបញ្ហាសុខភាពធ្ងន់ធ្ងរបន្ថែមទៀត ដោយសារសកម្មភាពសង្គ្រោះរបស់បុគ្គលមួយចំនួនតូចនេះគ្មានវិជ្ជាជីវៈ វេជ្ជសាស្ត្រត្រឹមត្រូវ។ 

ដើម្បីលុបបំបាត់នូវសកម្មភាពអវិជ្ជមានខាងលើ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថាៈ «សូមស្នើបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើស ត្រូវបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់។ ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ក៏សូមស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ សូមធ្វើការឃាត់ខ្លួនបុគ្គលខាងលើនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។ 

មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមយ៉ាងមុតមាំថាៈ «បុគ្គលមួយចំនួនតូចនេះនឹងចូលរួមសហការបញ្ឈប់សកម្មភាពល្មើស ហើយសូមអំពាវនាវដល់អាណាព្យាបាល និងអ្នកពាក់ព័ន្ធ បន្តអប់រំកុំឱ្យប្រព្រឹត្តសកម្មភាពខុសច្បាប់នេះបន្តទៀត»៕