2023-10-07 11:10
222

ខេត្តពោធិ៍សាត់: ប្រជាពលរដ្ឋដែលរងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ បានមកទទួលស្បៀងជាអំណោយដ៏ថ្លៃថ្លា  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាតាមរយះលោកវេជ្ជបណ្ឌិតអ៊ុយ សំអូន នាយរងនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ លោកខូយ រីដា អភិបាលខេត្ត និង ជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរូមក្រុមការងារ។

ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ពីរកន្លែងផ្សេងគ្នានៅវិទ្យាល័យប្រមោយនិងមួយកន្លែងទៀតនៅក្នុងអនុវិទ្យាល័យ អន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។   

លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តពោធិ៍សាត់ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  នូវក្តីនឹករលឹកចំពោះប្រជាពលរដ្ឋទទួលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ។ ដោយសម្តេច ក៏ដូចអភិបាលខេត្ត តែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ដោយមិនទុកចោលប្រជាពលរដ្ឋណាម្នាក់អត់អាហារពុំបានដោះស្រាយនោះទេ។

ជាក់ស្តែងនៅក្នុងអំឡុងស្ថានភាពខេត្តពោធិ៍សាត់ ក៏ដូចបណ្តាខេត្តផ្សេងៗទៀត បាននឹងកំពុងទទួលរងការលិចលង់ជំនន់ទឹកភ្លៀង ធ្វើឱ្យភូមិឋាន ផ្ទះសម្បែង ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធខូចខាតអស់ជាច្រើន ប្រជាពលរដ្ឋ ជួបកង្វះខាតស្បៀង និងទាមទាឱ្យការដោះស្រាយឆ្លើយតបជាបន្ទាន់។ លោកបានលើកឡើងថា ការបម្រែបម្រួលអាកាសធាតុ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ ពោលគឺកើតមានស្ទើរតែពិភពលោកទាំងមូល គ្រាន់តែតិចឬច្រើន។

ទាំងអស់នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗ ត្រូវបង្កើនការប្រុងប្រយត្ន័ អំពីបញ្ហាប្រឈមនៃគ្រោះធម្មជាតិ។ ជាទូទៅក្រោយពីទឹកសម្រកតែងតែជួបបញ្ហាជំងឺរាតត្បាត ហេតុនេះសូមឱ្យបងប្អូនបង្កើនការ យកចិត្តទុកដាក់ ទៅលើសុខភាព ទាំងការរស់នៅ ការហូបចុក ត្រូវមានបរិយាកាសអនាម័យស្អាតល្អ ទើបធ្វើឱ្យសុខភាពនៅក្នុងក្រុមគ្រួសារ និងសហគមន៍បានរួចផុតពីជំងឺផ្សេងៗ និងនាំមកនូវសុភមង្គលក្នុងគ្រួសារ និងសង្គមជាតិ។

គួរបញ្ជាក់ផងដែរថា: ការចែកអំណោយពីកាកបាទក្រហមកម្ពុជានេះដោយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចាប់តាំងពីថ្ងៃទី០៤រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងនោះស្រុកកណ្ដៀង ក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញនិងស្រុកវាលវែងដែលសរុបគ្រួសាររងគ្រោះចំនួន១៨៤៥គ្រួសារ៕លាន គ្រន