2024-01-24 04:01
66

ព្រះសីហនុ៖ គ្រឿងញៀនខុសច្បាប់ជាង ១តោន និងក្រុមជនក្រិដ្ឋជន ចំនូន ០៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួន នៅក្រុងព្រះសីហនុ ដោយសារពួកគេពាក់ព័ន្ធករណីរត់ពន្ធគ្រឿងញៀនឆ្លងដែន ។

នៅរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ បានបង្ហាញមុខ ក្រុមឧក្រិដ្ឋជនរកស៊ីគ្រឿងញៀនឆ្លងដែន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនិតិវិធីច្បាប់ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៣និង១៥នាទី រំលងអាធ្រាត កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការ ជាមួយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និងនគរបាលព្រំដែនទឹកវរលេខ២៤០ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុន សម្ផស្ស និងដោយមានការដឹកនាំសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំចុះបង្រ្កាបករណីជួញដូរ និងដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០២គោលដៅ (គោលដៅទី១ ស្ថិតនៅចំណុច មុខកំពង់ផែកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និង គោលដៅទី២ ស្ថិតនៅចំណុច ក្រុម៣ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ)។

ចំពោះលទ្ធផលនៃប្រតិបត្តិការខាងលើ នគរបាលបានឃាត់ខ្លួនជនសង្ស័យ រួមមាន៖ ទី១- ឈ្មោះ shi yuan ya ភេទប្រុស ជនជាតិចិន, ទូ២- ឈ្មោះ Huang xiao yu ភេទប្រុស ជនជាតិចិន, ៣- ឈ្មោះ Li zhong xian ភេទប្រុស ជនជាតិ ចិនតៃវ៉ាន់, ៤- ឈ្មោះ Huang zhi hong ភេទប្រុស ជនជាតិ ចិនតៃវ៉ាន់ និង ៥- ឈ្មោះ Luo shun ភេទប្រុស ជនជាតិហ្វីលីពីន ។ 
វត្ថុតាងចាប់យក រួមមាន៖ ម្សៅពណ៌ស សង្ស័យជាសាធាតុញៀន ចំនួន ៦៧ការ៉ុង ដែលមានទំងន់សរុបចំនួន ១.៥៦៦គីឡូក្រាម, ទូកឈើ ចំនួន ០២គ្រឿង, អូប័រខូច ចំនួន ០២គ្រឿង, ម៉ូតូ ម៉ាកស៊ុយស៊ូគីលែត ពណ៍ស ស្លាកលេខ ភ្នំពេញ1FF-8045 ចំនួន ០១គ្រឿង, លិខិតឆ្លងដែន ចំនួន ០២ក្បាល, ទូរសព្ទដៃ ចំនួន ០៥គ្រឿង និង ទឹកថ្នាំដបពណ៌ខ្មៅ សង្ស័យជាសារធាតុញៀន ចំនួន ០៩ដប ។ 

បច្ចុប្បន្ន ជនសង្ស័យទាំង ០៥នាក់ ខាងលើ ត្រូវបានការិយាល័ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រគល់អោយមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន ដេីម្បីបន្តនីតិវិធី នៅមន្ទីរប្រឆាំងបទល្មេីគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ៕