2024-01-03 10:01
108

នាព្រឹកថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤  ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាល និងសួរសុខទុកព្រមទាំងផ្តល់អំណោយមនុស្សធម៌ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ១០៤គ្រួសារ ដែលកំពុងរស់នៅ ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ 
    ជាមួយគ្នានោះ ក្នុងនាមកាកបាទក្រហមកម្ពុជា ឯកឧត្តម សុខ លូ  បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី និងពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ឯកឧត្តមប្រធានគណៈកម្មាធិការសាខាបាន បន្តលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ជាពិសេសអតីតយុទ្ធជន និងបានសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះអស់ពីដួងចិត្ត ចំពោះគុណបំណាច់ដ៏ថ្លៃថ្លាប្រកបដោយវីរភាព របស់អតីតយុទ្ធជន និងគ្រួសារ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ជូនជាតិមាតុភូមិ ជាក់ស្តែងបងប្អូនទាំង១០៤គ្រួសារ ដែលទទួលបានផ្ទះនិងដី ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជននិង រួមជាមួយការបំពេញនូវតម្រូវការកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់។ល។ 
    ឯកឧត្តម បានលើកឡើងថា «ប្រមុខថ្នាក់ដឹកនាំ និងឥស្សរជនជាតិសំខាន់ៗបានខិតខំដោយលំបាក ក្នុងការស្វែងរកសុខសន្តិភាព និងកសាងប្រទេសឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ ដូច្នេះកាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ក៏បានចូលរួមចំណែកគិតគូរអំពីការលំបាក និងលើកស្ទួយជីវភាពរស់នៅរបស់អតីតយុទ្ធជនផងដែរ»។ 
     ឯកឧត្តម សុខ លូ  បានសំណូមពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ពេលទទួលបានដីសម្បទាន និងផ្ទះនេះហើយ សូមប្រើប្រាស់ឱ្យបានសមស្របក្នុងការបង្កបង្កើនផលសម្រាប់លើកស្ទួយជីវភាពគ្រួសារ និងចេះថែរក្សាផ្ទះសម្បែងជាកេរមរតដ៏ថ្លៃថ្លានេះ ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរស់នៅ និងអាស្រ័យផលបន្តទៀត។ ពិសេសបងប្អូនទាំងអស់សូមថែរក្សាសុខភាពឱ្យបានល្អ មើលថែកូនចៅឱ្យបានដិតដល់ ប្រកាន់ខ្ជាប់នូវការហូបស្អាត រស់នៅស្អាត ៕