2023-09-25 01:09
168

បន្ទាយមានជ័យ៖ ក្រុមជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងកាន់កាប់អាវុធដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាប និងឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។ 

ប្រតិបត្តិការនេះ អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ផែនការឲ្យកម្លាំងនគរបាលទូទាំងខេត្តពិសេសកម្លាំងជំនាញត្រូវបង្ក្រាបរាល់បទល្មើស បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង បទល្មើសជួញដូរគ្រឿងញៀន ដើម្បីធានាបាននៅសន្តិសុខសុវត្ថិភាពសង្គម ភូមិឃុំ-សង្កាត់មានសុវត្ថិភាព។ 

ជាក់ស្តែងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការពីកម្លាំងអធិការដ្ឋាននគបាលស្រុកស្វាយចេក និងស្រុកថ្មពួក ចុះស្រាវជ្រាវ និងបង្ក្រាបបានមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀន និង ប្រើប្រាស់អាវុធខុសច្បាប់ ចំនួន ០២នាក់ រួមមាន៖ 
១- ឈ្មោះ អូ ទាវ ភេទប្រុស អាយុ ៤១ឆ្នាំ ទីលំនៅភូមិតាអុងកើត ឃុំរលួស ស្រុកស្វាយចេក ត្រួតពិនិត្យឃើញមាន អាវុធខ្លី ម៉ាក SIG SAUR P320 ចំនួន ០១ដើម មានបង់០២ នឹងគ្រាប់ ចំ៤៦គ្រាប់។
២-ឈ្មោះ ឡុន សុលី ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក។ 
ប្រតិបត្តិការបង្ក្រាបនេះ មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ជាលទ្ធផលកម្លាំងនគរបាលយើង ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានវត្ថុតាងមួយចំនួន មានដូចជា -កូនជញ្ជីងចំនួន២ កាំភ្លើងខ្លីកែឆ្នៃ ០១ដើម កាំភ្លើងវែងកែឆ្នៃ ចំនួន ០៣ដើម គ្រាប់កាំភ្លើង អាកា ចំនួន ០៩គ្រាប់ នឹងបង់ចំនួន១ បំពង់កែវសម្រាប់ជក់គ្រឿងញៀនចំនួន២ សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ដែកកេះកែឆ្នៃសម្រាប់ជក់គ្រឿងញៀនចំនួន២០។ 

ក្រោយសួនាំនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ជនសង្ស័យរួមជាមួយវត្ថុតាង នគរបាលជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕