2023-08-02 06:08
192


(ព្រៃវែង)៖ អ្នកស៊ីឈ្នួលជីកអណ្ដូងទឹក២នាក់ បានស្លាប់ក្នុងអណ្ដូងយ៉ាងអាណោចអាធម ខណៈចុះស្ដារ និងដាក់លូរអណ្ដូង ហើយគ្មានខ្យល់អុកស៊ីសែន។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១៨៖០០នាទីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចវាលស្រែខាងលិច ភូមិស្គាក្តីចម្ងាយ១៧០០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្គាក្តី ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
អធិការនគរបាលស្រុកស៊ីធរកណ្ដាល បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ជ្រឿន ដេន អាយុ៤៣ឆ្នាំ
*ទី២៖ ឈ្មោះ ធន់ សារ៉េន អាយុ៥៤ឆ្នាំ ជនរងគ្រោះទាំងពីរនាក់នេះ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។
លោកអធិការនគរបាលស្រុក បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ម្ចាស់អណ្ដូងទឹកបានជួលជនរងគ្រោះទាំង២នាក់ មកស្ដារអណ្ដូង និងដាក់លូបន្ថែម ដោយអណ្ដូងមានលូ១០កង់រួចហើយ និងដាក់ថែមលូ៣កង់ទៀត ដើម្បីឲ្យចេញទឹក។
លោកបានបន្តទៀតថា ខណៈដែលជនរងគ្រោះទាំង២នាក់ បានចុះទៅក្នុងអណ្ដូងបាត់យូរ រហូតដល់ម៉ោង ៩៖០០យប់ថ្ងៃដដែល ទើបក្រុមគ្រួសារទៅរកមើល ក៏ឃើញដេកស្លាប់ក្នុងអណ្ដូងបាត់ទៅហើយ។
លោកអធិការបានបន្តថា ចំពោះករណីនេះ តាមសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា បណ្ដាលមកពីជនរងគ្រោះទាំង២នាក់ ចុះអណ្ដូងដែលមានជម្រៅជ្រៅ ហើយគ្មានខ្យល់អុកស៊ីសែន ទើបបណ្ដាលឲ្យស្លាប់បែបនេះ។បច្ចុប្បន្ន សាកសពបានប្រគល់ ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕