2023-10-18 05:10
236

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយលោកអភិបាលរងខេត្ត ប្រធានមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធ នាថ្ងទី១៧-១៨ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនអាជីវករ ដែលបាននឹងកំពុងធ្វើអាជីវកម្មលក់ដូរទំនិញ នៅផ្សារពោធិ៍សាត់ និងផ្សារសាមគ្គីក្រគរ ក្នុងគោលបំណងក្តាប់នូវរាល់បញ្ហាមួយចំនួន ពិសេសបង្កើតនូវភាពស្និទស្នាល ចំពោះអ្នកលក់ដូរ កញ្ជើរ កញ្ច្រែង ល្អីបន្តិចបន្តួច ដោយមិនត្រូវយកភាស៊ីនោះឡើយ។

ក្នុងឱកាសនោះ លោក ខូយ រីដា បានជួបផ្ទាល់ជាមួយអ្នកលក់ដូរកញ្ជើរ កញ្ច្រែង ល្អីបន្តិចបន្តួច ជាមួយនឹងចាស់ៗ ដែលកន្លងមកតែងតែបង់ភាស៊ីប្រចាំនោះ ពេលនេះអភិបាលខេត្តបានស្នើឱ្យម្ចាស់ភាស៊ី ក៏ដូចមន្ត្រីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រួមទាំងអ្នកពាក់ព័ន្ធបញ្ឈប់ក្នុងការបង់ភាស៊ី។ ការអនុវត្តបែបនេះ ក្នុងគោលបំណងចូលរួមចំណែកជួយផ្តល់ទីកន្លែងលក់ដូរសម្រាប់រកទទួលទានប្រចាំថ្ងៃ និងជួយលើកស្ទួយជីវភាពរស់នៅដល់ពួកគាត់ កាន់តែប្រសើរឡើង។ ជាមួយគ្នានោះសូមឱ្យអ្នកទទួលបន្ទុកភាស៊ី និងរដ្ឋបាលស្រុក ត្រូវចូលរួមសហការរៀបចំទីតាំងលក់ដូរឱ្យមានរបៀបរាបរយ សណ្តាប់ធ្នាប់ល្អ ទៅតាមទីតាំងបានកំណត់ មិនអណាធិបតេយ្យ ដែលបង្កការប៉ះពាល់ដល់អ្នកដំណើរ។

ចំពោះសមត្ថកិច្ចមូលដ្ឋាន គណៈកម្មការផ្សារ និងសន្តិសុខ ត្រូវទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពនៅក្នុង និងជុំវិញទីផ្សារ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងរាល់សំរាម កាកសំណល់រឹងរាវ ទីផ្សារ និងប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារ ជាពិសេសបរិវេណមុខផ្សារឱ្យបានស្អាតល្អ និងមានសោភ័ណ្ឌភាព ដើម្បីធានាដល់ចរន្តទឹកហូរបានទាន់ពេលវេលា មិនបង្កឱ្យមានការកកស្ទះ ហើយក៏ជាមុខមាត់របស់ផ្សារ និងរដ្ឋបាលក្រុងស្រុកយើង។

លោកក៏បានលើកឡើងផងដែរថា ផ្សារក្រគរ រហូតមកដល់ពេលនេះពិនិត្យឃើញថា កាន់តែមានរបៀបរាបរយ និងមានសោភណ្ឌភាពល្អច្រើន ជាងផ្សារពោធិ៍សាត់ នេះគឺដោយសារការយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង សហការជាមួយអាជ្ញាធរស្រុកឃុំ គណៈកម្មការផ្សារ និងមានការចូលរួមពីបងប្អូនអាជីវករនោះ ទើបធ្វើផ្សារមួយនេះកាន់តែមានភាពទាក់ទាញពីគ្រប់មជ្ឈដ្ឋាន។ តែទោះជាយ៉ាងនេះក៏ដោយ សូមឱ្យរដ្ឋបាលក្រុងស្រុក គណៈកម្មការផ្សារ ត្រូវពិនិត្យតាមដានជាប់ជាប្រចាំ ដើម្បីក្តាប់បាននូវរាល់បញ្ហាប្រឈមនានា ដែលកើតមានចៀសវាងបង្កការថ្នាំងថ្នាក់ ពីសំណាក់បងប្អូនអាជីវករមកលើថ្នាក់ដឹកនាំ។

នៅពេលអញ្ជើញចុះជួបបងប្អូនអាជីវករ នៅក្នុងផ្សារពោធិ៍សាត់ និងផ្សារសាមគ្គីក្រគរនោះ លោកអភិបាលខេត្ត រួមជាមួយក្រុមការងារបានអញ្ជើញពិសាអាហារ បបរ គុយទាវ មានសភាពសាមញ្ញ និងបង្កើតនូវភាពស្និទ្ធស្នាល ជាមួយបងប្អូនអាជីវករ ដោយក្តីរីករាយបំផុត៕