2023-07-25 06:07
145


ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីសម្រាលកូន នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដោយសារការធ្វេសប្រហែសរបស់ក្រុមគ្រួពេទ្យ ខណៈពេលនេះក្រុមគ្រួសារបានអំពាវនាវឲ្យមានការទទួលខុសត្រូវ និងស្នើសុំដល់ក្រសួងសុខាភិបាលមានវិធានការផ្លូវច្បាប់ ព្រមទាំងផ្តល់នូវភាពយុត្តិធម៌ដល់ពួកគាត់។


   បុរសឈ្មោះ ម៉េង សារ៉ាត់ អាយុ ៣៥ឆ្នាំ ត្រូវជាប្ដីរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា ភរិយារបស់លោកមានឈ្មោះ ឌី ចិន្តា អាយុ ៣៥ឆ្នាំ បច្ចុប្បន្ន រស់នៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មានផ្ទៃពោះគ្រប់ខែ និងបាននាំប្រពន្ធទៅឆ្លងទន្លេនៅមន្ទីរពេទ្យបង្អែកពោធិ៍តុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ។
   បុរសជាប្តីស្ត្រីរងគ្រោះ បានរៀបរាប់ទៀតថា ប្រពន្ធរបស់គាត់បានឈឺសម្រាលកូន នៅវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី២១ ខែកក្កដា ក៏បាននាំប្រពន្ធកាន់មន្ទីរពេទ្យនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដល់ម៉ោងប្រហែល ៨ព្រឹកប្រពន្ធរបស់គាត់បានឆ្លងទន្លេបានកូនប្រុស និងមានសុខភាពល្អមាំមួនធម្មតា។ 
   បុរសរូបនេះ បានបន្ថែមទៀតថា ក្រោយពេលឆ្លងទន្លេរួចរាល់ក្រុមគ្រូពេទ្យឆ្មបយកទៅសំអាត ប៉ុន្តែមិនដឹងពេទ្យធ្វើការខុសបច្ចេកទេស និងធ្វេសប្រហែសបណ្តាលឲ្យប្រពន្ធគាត់ធ្លាក់ឈាមយ៉ាងច្រើន រហូតលុះដល់ម៉ោងជាង ១០ព្រឹកទើបមន្ទីរពេទ្យបង្អែកពោចិនតុង ដឹកតាមរថយន្តសង្គ្រោះបន្ទាន់បញ្ជូននៅមន្ទីរពេទ្យជប៉ុន ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យជប៉ុនក្រុមគ្រួពេទ្យបានបញ្ជាក់ប្រាប់ថាមិនអាចជួយសង្គ្រោះបានទេ ព្រោះវាហួសពេលទៅហើយ។
   ស្ត្រីត្រូវជាបងស្រីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ប្អូនស្រីរបស់គាត់មុនពេលសម្រាលកូននៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង គឺមានសុខភាពល្អមាំមួនល្អធម្មតា ហើយអំឡុងពេលមានផ្ទៃពោះបានទៅពិនិត្យសុខភាពយ៉ាងទៀងទាត់ ប៉ុន្តែមិនគួរឡើយក្រុមគ្រួពេទ្យឆ្មបប្រចាំមន្ទីរពេទ្យបង្អែកមានការធ្វេសប្រហែស ខ្វះការទទួលខុសត្រូវធ្វើការសម្រាលកូនឲ្យប្អូនស្រីគាត់ស្លាប់បែបនេះទាល់តែសោះ។ (ដាក់វីដេអូរ ស្ត្រីជាប្អូនស្រីនារីរងគ្រោះ)
   អ្នកបើកបររថយន្តសាមុយសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង បានឲ្យដឹងថា គាត់បានដឹកជនរងគ្រោះដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីធ្វើការសង្គ្រោះ ដោយជនរងគ្រោះនៅនិយាយបាន។
   បុរសឈ្មោះ ម៉េង សារ៉ាត់ ជាប្ដីរបស់នារីរងគ្រោះស្នើសុំឱ្យខាងមន្ទីរពេទ្យបង្អែកពោចិនតុង ត្រូវទទួលខុសត្រូវ និងសូមឱ្យក្រសួងសុខាភិបាលជួយអន្តរាគមន៍ រកយុត្តិធម៌ដល់រូបគាត់ និងមានវិធានការផ្លូវច្បាប់ផងដែរ។ (ដាក់វីដេអូរ ប្តីស្ត្រីរងគ្រោះ)
   ក្រុមការងារសារព័ត៌មាន បានទំនាក់ទំនងខាងមន្ទីរពេទ្យបង្អែកពោចិនតុង ដើម្បីសូមការបំភ្លឺជុំវិញករណីសម្រាលកូនស្ត្រីម្នាក់ស្លាប់ ប៉ុន្តែបុគ្គលិកមន្ទីរពេទ្យបានប្រាប់ថា «លោកប្រធានគាត់មិននៅទេ ហើយថ្ងៃកើតហេតុមិនមែនជាវេនប្រចាំការរបស់ពួកគាត់ដែរ» ទោះជាយ៉ាងណាអង្គភាពយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
   លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ មិនអាចសុំការបំភ្លឺបានទេ ដោយសារទាក់ទងមិនបាន៕