2023-06-27 05:06
241


ខេត្តបន្ទាយមានជ័យ ៖ យុវជនចំនួន៤នាក់ជាសិស្សសាលាបានរងរបួសធ្ងន់ចំណែកម្នាក់ទៀតបានស្លាប់រវាង ម៉ូតូបុកនិងម៉ូតូនៅព្រឹកថ្ងៃ ទី ២៧ ខែមិថុនា ឆ្នាំ២០២៣ចំណុចកើតហេតុ នៅបរិវេណផ្លូវកាស៊ីណូផ្កាយប្រាំ ផ្លូវដើមស្រល់ឆ្ពោះទៅទំនប់ក៏ ៥ ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។


នគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថាៈ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញយុវជនចំនួន៤នាក់ជាសិស្សសាលាបានចេញពីរៀនជិះម៉ាកZomeX១គ្រឿងក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនហើយឡើងវ៉ាជែងរថយន្តដឹកទឹកដែលបើកបរស្របទិសគ្នា រួចក៏ជ្រុលចង្កូតទៅបុកជាមួយកម្មករសំណង់ម្នាក់ចេញទៅហូបបាយផ្ទះដែលកំពុងជិះម៉ូតូស៊ុយស៊ូគីស្មាស់បើកបរបញ្ច្រាសទិសគ្នាបណ្តាលឲ្យកម្មករសំណង់ម្នាក់ស្លាប់នៅកន្លែងកើតហេតុ។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញមន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់អូរជ្រៅនិងនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែតបានចុះទៅដល់កន្លែងកើតហេតុបានពិនិត្យវាស់វែង។ខណៈនោះយុវជនរងរបួសជាសិស្សសាលាទាំង៤នាក់ត្រូវក្រុមយុវជនស្ម័គ្រចិត្តនាំគ្នាលើកឡើងរថយន្តលោកនួន នីគីដា ជារថយន្តឯកជនដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី។
មន្ត្រីនគរបាលបញ្ជាក់ថា៖ក្រោយពេលដែលមន្ត្រីជំនាញធ្វើការវាស់វែងហើយជនរងគ្រោះដែលស្លាប់នឹងកន្លែងប្រគល់ជូនសាច់ញាតិទទួលយកធ្វើបុណ្យតាមប្រពៃណីនិងម៉ូតូ២គ្រឿងរងការខូចខាតស្ទើរទាំងស្រុងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីអនុវត្តន៍តាមច្បាប់ចរាចរណ៍ផ្លូវគោក។

សូមរំលឹកថាៈកាលពីយប់ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៣មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សប្រុស ស្រី២នាក់បានរងរបួសធ្ងន់ចំណែកក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិតនៅភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតផងដែរ។ប្រភពបានបញ្ជាក់ថាៈមនុស្សប្រុស ស្រីដែលរងរបួសធ្ងន់ត្រូវជាម្ដាយក្មេងដែលស្លាប់បានជិះម៉ូតូបុកជាមួយរថយន្តម៉ាកឡង់គ្រីស័រពណ៌សពាក់ស្លាកលេខភ្នំពេញ2BN.2526 ចតពីមុខបណ្ដាលឲ្យរងរបួសនិងកូនស្រីបណ្ដាលឲ្យស្លាប់តែម្ដង ៕