2023-06-11 10:06
517

ព្រះសីហនុ៖ គិតត្រឹមម៉ោងជាង ៧យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នេះ បុរសម្នាក់បានបាត់ខ្លួនក្នុងទឹកសមុទ្រនៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ បន្ទាប់គាត់បានព្យាយាមជួយសង្គ្រោះកូនប្រុសអាយុប្រមាណ ១០ឆ្នាំ ឲ្យរួចផុតជីវិត នៅក្នុងឧបទ្ទវហេតុគ្រោះលង់ទឹកខណៈពេលពួកគាត់នាំគ្នាលេងទឹកសមុទ្រ ត្រូវទឹករលកវាយប្រហារ។ 

ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង នៅវេលាម៉ោង ១៤និង៣០នាទី នារសៀលថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតត្រង់ចំណុចមុខហាង ៨៨៨ ឆ្នេរអូរឈើទាល ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ 

បុរសជនរងគ្រោះមានឈ្មោះ ហេង ពិសិដ្ឋ អាយុ ៤០ឆ្នាំជាអ្នកទេសចរណ៍មកពីរាជធានីភ្នំពេញរួមជាមួយក្រុមគ្រួសារ។ 

យោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹង នៅម៉ោងប្រមាណជាង ៧យប់ថ្ងៃទី១១ ខែមិថុនាថា ក្រុមប្រតិបត្តិការជួយសង្គ្រោះកំពុងស្វះស្វែងរកបុរសដែលបាត់ខ្លួន នៅឆ្នេរអូរឈើទាល មិនទាន់រកឃើញនៅឡើយទេ។
  
ក្នុងករណីនេះ អាជ្ញាធរខេត្តខេត្តព្រះសីហនុ បានប្រើប្រាស់កម្លាំងសរុបទាំងសមត្ថកិច្ច និងក្រុមការងារសង្គ្រោះស្ម័គ្រចិត្ត ដើម្បីស្វែងរកជនរងគ្រោះនៅសមុទ្រខាងមុខអូរឈើទាលនិងពង្រីកតំបន់ស្វែងរកនៅក្បែរនោះ។

តាមសាក្សីបាននិយាយថា មុនពេលកើតហេតុ បុរសរងគ្រោះបានមកកម្សាន្តលេងជាមួយក្រុមគ្រួសារនៅឆ្នេរអូរឈើទាល និងបានចុះលេងទឹកសមុទ្រជាមួយកូនប្រុសអាយុប្រហែល ១០ឆ្នាំ  ក្រោយមកក៏ជួបហេតុការណ៍អាក្រក់រលកធំវាយប្រហារ ដោយឃើញស្ថានភាពមិនល្អបុរសជាឪពុកបានព្យាយាមសង្គ្រោះកូនប្រុសចេញៗឧបទ្ទវហេតុនោះផុតពីគ្រោះថ្នាក់ ប៉ុន្តែបុរសជាឪពុកត្រូវរលកសមុទ្រវាយគ្របនឹងបាត់ខ្លួនពីកន្លែងកើតហេតុតែម្តង។ 

បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងបន្តស្វែងរកបុរសម្នាក់ដែលលះបង់គ្រប់បែបយ៉ាង ដើម្បីសង្គ្រោះអាយុជីវិតកូនប្រុសជាទីស្រឡាញ់យ៉ាងយកចិត្តទុកដាក់បំផុត៕