2023-05-30 12:05
614

តាកែវ៖    មន្ត្រីសង្ឃសាលាគណខេត្តតាកែវ បានបកអាក្រាតនូវកំហុសឆ្គងជាច្រើនរបស់អតីតភិក្ខុ តាន់ សារ ចៅអធិការវត្តព្រៃផ្អេរ ស្ថិតក្នុងភូមិព្រៃផ្អេរ ឃុំរនាម ស្រុកទ្រាំ ខេត្តតាកែវ ដែលបានប្រព្រឹត្តកាលនៅជាសង្ឃជាពិសេសយកលុយវត្តបហរមាណជាង ១០០លានរៀល និងវាយកម្ទេចលុបបំបាត់ស្នាដៃ និងសមិទ្ធផល របស់មហាឧបាសិកា ឌី ប៉ុក ម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន តែម្តង។ 

ក្រោយពីផ្ទុះអធិករណ៍អតីតភិក្ខុ តាន់ សារ ចៅអធិការវត្តព្រៃផ្អេរ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ៣០២៣ នេះ រដ្ឋបាលសាលាគណខេត្តតាកែវ បានចេញលិខិតបំភ្លឺទូលថ្វាយប្រគេន និងចម្រើនពរសម្តេច ព្រះសង្ឃគ្រប់ព្រះអង្គ ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់លំដាប់ថា្នក់ ប្រព័ន្ធ សង្គមបច្ចេកវិទ្យាព័ត៌មានទាំងអស់ និងពុទ្ធបរិស័ទ សប្បុរសជន សាធារណៈជនទាំងអស់។ 

សាលាគណខេត្តតាកែវ បានធ្វើការបំភ្លឺករណីអធិករណ៍ភិក្ខុ តាន់ សារ ចៅអធិការវត្តព្រៃផ្អរ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ថាកន្លងមកនេះសាលាគណខេត្តបានទទួលពាក្យបណ្ដឹងទាំងឯកសារផង ទាំងរាយការណ៍ផ្ទាល់មាត់ផងជាង ១០ដងកន្លងមកហើយ ដែល មានខ្លឹមសារចោទប្រកាន់ភិក្ខុ តាន់ សារ មានដូចខាងក្រោម៖ 

១ - ករណីវាយបាល់ដាក់លុយនៅវត្តឫស្សីស្រុក 

២ - ករណីចោទប្រកាន់ក្លែងភេទជាគ្រហស្ថដើរលេង 

៣ - ករណីបច្ច័យបុណ្យ ចូលឆ្នាំ២០២១ ចំនួន ១៦លានរៀល គ្រប់គ្រងចាយតែអង្គឯង 

៤ - ករណីបច្ច័យបុណ្យភ្ជុំបិណ្ឌលើកទី១ ឆ្នាំ២០២១ ចំនួន ១៦លានរៀល គ្រប់គ្រងចាយតែអង្គឯង 

៥ - ករណីបច្ច័យបុណ្យ កឋិនទានលើកទី១ ឆ្នាំ២០២១ ចំនួន ២៨លានរៀលគ្រប់គ្រងចាយតែអង្គឯង 

៦ - ករណីបច្ច័យបុណ្យ ភ្ជុំបិណ្ឌលើកទី២ ឆ្នាំ២០២២ ចំនួន ២៤លានរៀលគ្រប់គ្រងចាយតែអង្គឯង 

៧- ករណីបច្ច័យបុណ្យ កឋិនទានលើកទី២ ឆ្នាំ២០២២ ចំនួន ៤៧លានរៀលគ្រប់គ្រងចាយតែអង្គឯង 

៨ - ករណីបច្ច័យកសាងវត្តបានមកពីពុទ្ធបរិស័ទ សប្បុរសជននានា ចាត់ចែងចាយតែអង្គឯង 

៩ - ករណីដេញ អាចារ្យ គណៈកម្មការវត្តចាស់ៗចោល 

១០- ករណីលុប បំបាត់ស្នាដៃ និងសមិទ្ធិផល របស់មហាឧបាសិកា ឌី ប៉ុក ម្តាយបង្កើតសម្តេចតេជោ មួយចំនួនត្រូវ បានបាត់ 

១១ ករណីផ្សេងៗមួយចំនួនទៀត។ 

ដោយសារទទួលបានពាក្យបណ្តឹងមកដល់សាលាគណខេត្តច្រើនលើក ច្រើនសារដូច្នេះឯង ទើបព្រះមេគណខេត្តបានឲ្យមន្ត្រីសង្ឃទូរសព្ទទៅនិមន្តភិក្ខុ តាន់ សារ ព្រះគ្រូចៅអធិការវត្តព្រៃជ្រេរ មកជួបដើម្បីសាកសួរ ករណីទាំងអស់ហ្នឹង នៅវេលាម៉ោង ១រសៀល នៅថ្ងៃទី២៥ ខែឧសសភា ឆ្នាំ២០២៣ នៅវត្តតុំ។ ស្រាប់តែព្រះមេគណខេត្ត និងមន្ត្រីសង្ឃខេត្តរងចាំតាំងពីម៉ោង ១រសៀល រហូតដល់ម៉ោង ២និង៣០នាទីរសៀលមិនឃើញភិក្ខុ តាន់ សារ មកដល់សោះព្រះមេគណខេត្ត បានទូរស័ព្ទទៅម្ដងទៀតតែភិក្ខុ តាន់ សារ ឆ្លើយដដែលៗថាគ្មានអ្វីជិះមកតាំងពីព្រឹក រហូតថ្ងៃរសៀល។ 

ដោយសារតែលេសដដែលៗ ព្រះមេគណខេត្តក៏បានចាត់អោយភិក្ខុ ផាន សាមេត និងលោក បេន នី ជំនួយការបើកឡានទៅនិមន្តលោកពីវត្តព្រៃផ្អេរមកដោយសារគ្មានអីជិះ ។ ពេលភិក្ខុ ផាន សុមេត បានទៅដល់វត្តព្រៃផ្អេលោកបានប្រាប់ថា ភិក្ខុ តាន់ សារ មិនទាន់ភ្ញាក់ពីសឹងនៅក្នុងបន្ទប់នៅឡើយ។ ភិក្ខុ ផាន សុមេត បានគោះទ្វារនិមន្តអស់ជាងមួយម៉ោង នៅតែមិនភ្ញាក់ពីសឹងទើបភិក្ខុ ផាន សាមេត រាយការករណ៍មកព្រះមេគណខេត្តថា "ភិក្ខុ តាន់ សារ គោះទ្វារនៅតែមិន បើកទ្វារចេញពីបន្ទប់សឹងនៅឡើយ"។ 

លុះប្រហែលម៉ោងជិត ៤ រសៀលទើបព្រះមេគណខេត្តអោយសហការីទូរសព្ទទៅលោកអភិបាលស្រុកទ្រាំងជួយអន្តរាគមន៍ សុំចាត់មន្ត្រីសាលាឃុំ មន្ត្រីសាលាស្រុកទៅជួយនិមន្ត ភិក្ខុ តាន់ សារ ចេញពីបន្ទប់សឹងរបស់លោកតែលោកនៅតែមិនភ្ញាក់ពីសឹង រហូតដល់ម៉ោង៤ និង៣០នាទី លោកអភិបាលស្រុកទ្រាំង ចាត់អោយអភិបាលរងស្រុកទៅទៀត ទើបលោកភ្ញាក់ពីសឹងហើយគង់ឡានរបស់លោកផ្ទាល់ជាមួយភិក្ខុសាមណេរ ១២អង្គទៀត មកជួបព្រះមេគណខេត្តនៅវត្តតុំ។ 

ក្រោយពេលភិក្ខុ តាន់ សារ មកដល់វត្តតុំ វេលាម៉ោង ៥ និង៤៥នាទីល្ងាច ទើបព្រះមេគណខេត្តចាប់ផ្តើមសាកសួរអំពីករណីអធិករណ៍ចោទប្រកាន់មួយចំនួន ដូចជាករណីក្លែងភេទជាគ្រហស្ថ ,ករណីវាយបាល់ដាក់លុយ ,ករណីចាយលុយបុណ្យកឋិន ,លុយបុណ្យភ្ជុំបិណ្ឌ ,លុយចូលឆ្នាំប្រជុំ និងសាកសួរមិនទាន់ បានប៉ុន្មានផង ភិក្ខុ តាន់ សា ចេញពីកុដិព្រះមេគណទាំងទំនើងទោះបីមន្ត្រីសង្ឃហាមឃាត់ថា ព្រះមេគណមិនទាន់មានសង្ឃដីកាចប់ក៏ដោយក៏ភិក្ខុ តាន់ សារ រឹងរួសនិមន្តចេញពីកុដិព្រះមេគណដោយគ្មានការគោរព កោតក្រែងចេញទាំងទំនើងមិនសមជាអ្នកបួសឡើយ។ 

បន្ទាប់ពីភិក្ខុ តាន់ សារ ចេញពីកុដិព្រះមេគណវេលាម៉ោង៦ និង៤នាទីល្ងាច រដ្ឋបាលសាលាគណខេត្តមានបំណងនិមន្តភិក្ខុ កាន់ សារ ចៅអធិការវត្តព្រៃផ្អេរសាកសួរដើម្បីរកនីតិវិធីរម្ងាប់អធិករណ៍វត្តព្រៃផ្អប៉ុណ្ណោះ តែភិក្ខុ តាន់ សារ ពេលត្រឡប់ទៅវត្តវិញ លោកបានញុះញង់ពុទ្ធបរិស័ទ និងសារព័ត៌មាន ផ្សព្វផ្សាយខុសពីការពិតធ្វើអោយប្រជាពលរដ្ឋ និងសាធារណ:ជនយល់ច្រឡំចំពោះដំណោះស្រាយរបស់រដ្ឋបាលសាលាគណខេត្តតាកែវ តាមការពិតភិក្ខុ តាន់ សារ អ្នកបង្ករចលាចលអោយកើតឡើងដោយអង្គឯងប៉ុណ្ណោះ។

សេចក្ដីបំភ្លឺរបស់សាលាគណខេត្តតាកែវ បានទូលថ្វាយ ប្រគេន ជូនខាងលើនេះ សូមសម្តេច ព្រះសង្ឃគ្រប់ព្រះអង្គ ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹងនាំគ្រប់លំដាប់ថ្នាក់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ទាំងអស់ ពុទ្ធបរិស័ទ សប្បុរសជន សាធារណៈជនទាំងអស់ ព្រះមេត្តា និងមេត្តាជ្រាបដោយមេត្តាធម៌៕