2023-04-16 08:04
612

ព្រៃវែង៖ សេចក្តីរាយការណ៍ព័ត៌មាន ពីស្រុកបាភ្នំ ខេត្តព្រៃវែង បានឲ្យដឹងថា ពលរដ្ឋម្នាក់ បានរងរបួសធ្ងន់ ដោយសារគរបាលផ្ទុះអាវុធមួយគ្រាប់បណ្តាលឲ្យត្រូវ ខណៈពេលចុះបង្ក្រាបករណីលេងល្បែងស៊ីសងបញ្ជល់មាន់ដោយខុសច្បាប់។

តាមប្រភពបានឲ្យដឹងថា ករណីនគរបាលផ្ទុះអាវុធបណ្តាលឲ្យត្រូវប្រជាពលរដ្ឋ បានកើតឡើងកាលពីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងសង្វៀនជល់មាន់ និងអាប៉ោង នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ប្រភពបានឱ្យដឹងទៀតថា ជនរងគ្រោះដោយសារនគរបាលផ្ទុះអាវុធក្នុងពេលចុះបង្ក្រាបករណីល្បែងជល់មាន់មានឈ្មោះ សាន វិច្ឆិកា ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ គ្រាប់កាំភ្លើងត្រូវ១គ្រាប់ត្រង់ចង្កេះរបួសធ្ងន់ ត្រូវបានបញ្ជូនបន្តមកសង្គ្រោះមន្ទីរពេទ្យរាជធានីភ្នំពេញ។

យោងតាមការឲ្យពីពលរដ្ឋ និយាយថា មុនពេកកើតហេតុ មាននគរបាល ចំនួន០៤នាក់ ដឹកនាំដោយលោកអអិការរងម្នាក់ បានចុះបង្ក្រាបករណីលេងល្បែងបញ្ជល់មាន់ ពេលនោះលោកអធិការរង ដកកាំភ្លើងខ្លីពីចង្កេះ បាញ់សំដៅជនរងគ្រោះបណ្ដាលឱ្យចំចង្កេះរងរបួសធ្ងន់ ខណៈពេលកំពុងអង្គុយលើម៉ូតូមើលគេជល់មាន់។ ប្រភពបន្តទៀតថា បន្ទាប់ផ្ទុះអាវុធបណ្តាលមានពលរដ្ឋរងរបួស ក្រុមមន្ត្រីនគរបាលទាំង០៤នាក់ ត្រូវប្រជាពលរដ្ឋព័ទ្ធជាប់មិនអនុញ្ញាតចេញពីកន្លែងកើតហេតុឡើយ។

ប្រជាពលរដ្ឋបានឲ្យដឹងថា មន្ត្រីនគរបាលដែលវានដកកាំភ្លើងបាញ់ជនរងគ្រោះមានឈ្មោះ ស៊ាន ប៊ុនណាល់ ជាអធិការរងស្រុកបាភ្នំ

ពាក់ព័ន្ធនឹងករណីខាងលើ លោកវរសេនីយ៍ឯក មុំ សារុំ អធិការស្រុកបាភ្នំ បានថ្លែងប្រាប់កាសែតក្នុងស្រុកមួយថា "ពិតជាមានករណីផ្ទុះអាវុធ បណ្ដាលឱ្យរបួសពលរដ្ឋប្រាកដមែន នៅពេលកម្លាំងនគរបាលរបស់លោកចុះបង្ក្រាបល្បែងស៊ីសងបញ្ជល់មាន់"។

លោកអធិការនគរបាលស្រុកបាភ្នំ បានបញ្ជាក់ប្រាប់កាសែតទៀតថា "ករណីខាងលើនេះ មិនមែនជាការបាញ់បោះ ឬបាញ់គំរាមអ្វីទេ ពោលគឺអាវុធបានផ្ទុះនៅនឹងចង្កេះរបស់នគរបសលផ្លាតត្រូវជនរងគ្រោះដែលនៅក្បែរនោះហើយម្ចាស់អាវុធពិតលោកអធិការរងស្រុកបាភ្នំប្រាកដមែន"។

គ្រួសារជនរងង្គ្រោះស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមលោកមេត្តាជួយរកយុត្តិធម៌តាមផ្លូវច្បាប់ជូនដល់គ្រួសារជនរងគ្រោះផង។

តាមប្រភពបានបញ្ជាក់ថា បច្ចុប្បន្ន ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅភ្នំពេញ៕