2024-02-15 12:02
66

(ព្រះសីហនុ)៖     កម្លាំងនគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនជាតិចិន២នាក់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីពួកគេបាន ផលិតមាតិកាវីដេអូប្រឌិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសណ្ដាប់ធ្នាប់ នៅខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាជនជាតិចិនទាំង២នាក់ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួននៅចំណុចបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ ឬចុចឡាយ រហូតដល់ជាង៥លាននាក់។

វីដេអូដែលពួកគេផលិតនោះ មានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារ              កាស៊ីណូ ឬទីតាំងផ្សេងៗ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។ តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ដែលមានបំណងមកលេងកម្សាន្ដនៅខេត្ដព្រះសីហនុ ទាំងដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងនោះឡើយ ។ជាមួយនិងការឃាត់ខ្លួននេះដែរសមត្ថកិច្ចក៏បានរិបអូសវត្ថុតាងមួយចំនួនរួមមាន ស្រោមមុខខ្មោច និងសម្ភារៈបម្រើឲ្យការថតវីដេអូមួយចំនួនទៀតផងដែរ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នឹងធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញអំពីហេតុការណ៍ដែលពួកគេបានបង្កើតឡើង ក៏ដូចជាបង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ចំពោះជនសង្ស័យទាំង២នាក់នេះផងដែរ។