2024-01-08 09:01
125

ភ្នំពេញ៖ ស្នងការរងម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ត្រូវបានលោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសដកហូតមុខតំណែងមកជាមន្ត្រីធម្មតា និងកាត់បន្ថយឋានន្តរស័ក្តិមួយថ្នាក់ផងដែរ។
    ក្នុងប្រកាសដែលក្រុមការងារ msj tv ទទួលបាននៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថាៈ ត្រូវបានអនុវត្តវិន័យចំពោះវរសេនីយ៍ទោ ហម សុវណ្ណរិទ្ធ អត្តលេខ ៧៤៤៩៤ ក្រោមរូបភាពដកហូតមុខ តំណែង ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិ ចំនួន ០១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ដោយសារមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។
  ប្រកាស របស់លោកឧបនាយករដ្ឋ ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថាៈ ត្រូវបានផ្ទេរភារកិច្ចដោយបង្ខំចំពោះវរសេនីយ៍ត្រី ហម សុវណ្ណរិទ្ធ មន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឱ្យទៅបម្រើការងារនៅអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕