2023-12-20 01:12
95

ភ្នំពេញ៖     «ប្តីសម្លាញ់មនុស្សពូកែរបស់អូន ប្តីប្រាប់អូនថា ប្តីមានមោទនភាពណាស់ ដែលបានកើតមកជាជនជាតិខ្មែរ ប្តីបានបង្កើតស្នាដៃជូនប្រទេសមួយនេះ ហើយបានបម្រើការងារជូនរដ្ឋ ជូនប្រទេសជាតិ ព្រោះប្តីស្រលាញ់ប្រទេសមួយនេះណាស់ ប្តីអើយ ប្តីឃើញទេ មហាជនមួយប្រទេសកំពុងរកយុតិ្តធម៌ជូនប្តីវិញហើយ»។ នេះជាសំណេរដ៏មុតស្រួចដែលបានសរសេរបង្ហោះលើគណនីហ្វេសប៊ុកមួយមានឈ្មោះ «Juppy» ត្រូវបានមហាជនស្គាល់ថា ជាគណនីហ្វេសរបស់ប្រពន្ធជនរងគ្រោះដែលស្លាប់់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត Jeep Overland បុកស្លាប់ក្នុងខណ្ឌទួលគោកដោយមិនទទួលខុសត្រូវ។

គណនីហ្វេសប៊ុក «Juppy» បានសរសេរបន្ថែមថា «សុំអ្នកទូរែកទឹកភ្នែកខ្ញុំយកចុះ អ្នកហែលមិនរួចទេ ការឈឺចាប់ដែលអ្នកបានសាងចំពោះខ្ញុំ និងគ្រួសារខ្ញុំ បាបកម្មមានពិតអ្នកនឹងទទួលបាននេះ ឈឺចាប់វេទនាជាងខ្ញុំ និងក្រុមគ្រួសារខ្ញុំមួយម៉ឺនដងមួយលានដង»។

សូមរំឭកថា រថយន្តស៊េរីទំនើប ម៉ាក Jee Overland ពណ៌ខ្មៅ ០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1DF-5396 បានបើកបុកម៉ូតូ ០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2CB-9963 បណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២២ និង២០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកនេះ ស្ថិតលើផ្លូវ ៥៦៦ កែងផ្លូវ៣១៧ សង្កាត់បឹកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពេលកើតជនបង្កបានរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ នៅថ្ងៃបុណ្យសពជនរងគ្រោះ ក្រុមគ្រួសាររបស់ជនបង្កគ្រោះថ្នាក់បណ្តាលឱ្យជនរងគ្រោះស្លាប់យ៉ាងអាណោចអាធម្ម បានទៅចូលរួមបុណ្យដោយចូលរួមបច្ច័យ ចំនួន ១ ០០០ដុល្លារ និងបានប្រើពាក្យសម្តីគំរាមកំហែងឱ្យគ្រួសារសពដកពាក្យបណ្តឹងបើមិនចង់ខូចអនាគត់ទាំងសងខាង។ ការប្រើពាក្យសម្តីគ្មានសុជីវធម៌របស់ភាគីរថយន្ត ខណៈពេលសាច់ញាតិសពកំពុងកាន់ទុកបែបនេះ កាន់តែធ្វើឱ្យក្រុមគ្រួសារឈឺចាប់ទ្វេដង និងបន្ថែមកំហឹងមិនអាចលើលេងបានឡើយ។

ក្រោយការបោះពាក្យគំរាមពីភាគីរថយន្ត Jeep Overland ម្ចាស់តាមគណនី «Juppy» ជាប្រពន្ធសពជនរងគ្រោះ បានសរសេរខ្លឹមសារទាំងឈឺចាប់ថា «លោក ព្រហ្ម វិចិត្រសុភា លោកចូលបុណ្យសព១០០០$ ហើយលោកសូមឱ្យដកពាក្យបណ្តឹង បើមិនដកនិងខូចអនាគតទាំងសងខាង លោកចង់គំរាមហ៎?  ហើយលោកមកប្រាប់ពួកខ្ញុំដែលជាគ្រួសារសពឱ្យកាត់ចិត្តទៅ??? លោក ព្រហ្ម វិចិត្រសុភា ខ្ញុំឱ្យលោកបែបនិងវិញលោកព្រមអត់??? បើសិនជារូបសពជារូបកូនលោកតើលោកមានអារម្មណ៍បែបណា?? លោកកាត់ចិត្ត និងទទួលយកបានទេ??? លោក និងក្រុមគ្រួសារ ជាពិសេស កូនរបស់លោក ព្រហ្ម វិចិត្រសុសក្តា (ឃាតករ) តើលោកហែលទឹកភ្នែកពួកខ្ញុំរួចទេ??  ខ្ញុំមិនឱ្យប្តីល្អរបស់ខ្ញុំស្លាប់ទៅបែបនេះទេ? យុត្តិធម៌ត្រូវតែមានសំរាប់ប្តីខ្ញុំ  បាបបកម្ម និងធ្លាក់ទៅលើលោក និងក្រុមគ្រួសារលោក ជាពិសេស អាឃាតករអាតិរិច្ឆាន»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញាធរងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅផ្ទះលេខ ៥២D ផ្លូវលេខ ៦៣ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាជនសង្ស័យត្រូវបង្ហាញខ្លួននៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុខថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ហើយដីកាបញ្ជាឱ្យចូលខ្លូននេះ តំណាងអយ្យការក៏បញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនបុគ្គលឈ្មោះ ព្រហ្ម វិចិត្រសុសក្តាផងដែរ។

សូមជម្រាបបន្ថែមថា នៅថ្ងៃទី១៩ ខែធ្នូ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា «ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបញ្ជាក់ថាៈ «ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤»។ លោកបន្ថែមទៀតថា «ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន»។ អ្នកនាំពាក្យរូបនោះ បានបញ្ជាក់ថាៈ «ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះ ខ្ញុំនឹងជូនព័ត៌មានបន្ថែមតាមក្រោយទៀត»។

ដោយឡែក លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើការអំពាវនាវយ៉ាងដូច្នេះថា «សូមក្មួយប្រុសជាជនសង្ស័យ បើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក ឬ អាណាព្យាបាលសូមនាំកូនប្រុស មកសារភាព និងបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី»។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់បន្ថែមថា «កុំរត់គេចខ្លួនបែបនេះវាមិនអាចគេចពីផ្លូវច្បាប់មួយជីវិតបានទេ! សមត្ថកិច្ចមិនដកដៃក្នុងការអនុវត្តន៍ច្បាប់ចំពោះករណីនេះបានទេ (ដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា បើនៅតែបន្តគេចខ្លួន សមត្ថកិច្ចនិងបន្តសុំដីកាតាមរកចាប់ខ្លួនបន្តទៀតហើយ)»៕