2024-01-24 08:01
69

(សៀមរាប)៖ ក្នុងកម្មវិធីសំណេរអង្គរដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កត់ធ្ងន់ចំពោះពាក្យមួយឃ្លាថា «យើងគ្រប់គ្នាមិនអាចក្លាយជាអនក្ខរជននៅលើទឹកដី ខ្លួនឯងបានឡើយ»។លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ក៏បានផ្ដល់កិត្តិយសអញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេរអង្គរ ដែលជាការប្រកួតសរសេរតាមអក្សរសាស្ត្រខ្មែរលើកដំបូង ប្រព្រឹត្តទៅនាពេលកន្លងទៅ ថ្មីៗនេះ នៅបរិវេណស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

នាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យក៏បានផ្ដាំផ្ញើនូវប្រយោគមួយចំនួន ដើម្បីជាការដាស់ស្មារតីដល់កូនខ្មែរឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះអក្សរសាស្ត្រជាតិ កុំនិយមការសរសេរអក្សរឡាតាំងពេក ដែលនាំឱ្យបាត់តម្លៃអក្សរសាស្ត្រជាតិខ្មែរ។            លោកជំទាវបានថ្លែងថា «យើងមានប្រទេសរបស់យើង មានអក្សរសាស្ត្រជាតិរបស់យើង ដូច្នេះយើងត្រូវចេះអក្សរនោះឱ្យបានច្បាស់លាស់ យើងមិនអាចក្លាយជាអនក្ខរជននៅលើទឹកដីខ្លួនឯងបានទេ»។ ពាក្យថា «អនក្ខរជន» គឺបានន័យថា ជនដែលមិនចេះអក្សរ។

លោកជំទាវរដ្ឋមន្ត្រីបានបន្តថា អក្សរសាស្ត្រគង់វង្ស ព្រលឹងជាតិរស់រានបន្ត តែប្រសិនបើអក្សរសាស្ត្រមិនគង់វង្ស ប្រជាពលរដ្ឋបោះបង់ការប្រើប្រាស់អក្សរជាតិខ្លួន នោះអាចនឹងនាំឱ្យជាតិជួបអន្តរាយជាក់ជាពុំខាននោះឡើយ។ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ប្រសិនបើមិនចេះសរសេរអក្សរជាតិខ្លួនឯង គឺនាំឱ្យបាត់បង់តម្លៃ បរទេសក៏គេមិនឱ្យតម្លៃ មិនកោតសរសើរពលរដ្ឋខ្មែរយើងដែរ ដូច្នេះដែលជាកូនខ្មែរត្រូវសរសេរអក្សរខ្មែរឱ្យបានច្រើន អានសៀវភៅឱ្យបានច្រើន រៀនស្គាល់ពាក្យខ្មែរឱ្យបានច្រើន ព្រោះដូនតាបានបង្កើតអក្សរ និងបន្សល់ទុកឱ្យយើងជាឱ្យកូនចៅជំនាន់នេះច្រើនណាស់ គឺយើងត្រូវតែបន្តថែរក្សាទាំងអស់គ្នា ។