2023-10-11 12:10
441

(ភ្នំពេញ)៖ កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២៣ បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ (ប្រើកន្រ្តៃសម្រាប់កាត់ដែកកាត់សោរផ្ទះយកប្រាក់ដុល្លារប្រហែល២០០០ដុល្លារ ចិញ្ចៀនមាស១វង់ទម្ងន់១ជីកន្លះ និងខ្សែកមាស០១វង់មានទម្ងន់៣ជី)។

ករណីនេះកើតឡើងនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០១:៣០នាទីរំលងអាធ្រាត្រ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួននៅម្ដុំច្រកធ្យូង ផ្លូវលេខ៣៣៦ ក្រុម ទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស នៅចំណុចផ្ទះលេខ៨៥A ផ្លូវលេខ២៤៧ ក្រុមទី ភូមិ១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ធន់ សំអឿន ហៅ អឿន ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ។ (មានសារធាតុញៀន) ។
ជនរងគ្រោះមានឈ្មោះ ឃាង ធីតា ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ W ស្នាក់នៅ ផ្ទះលេខ៨៥A ផ្លូវ ២៤៧ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្ភារបាត់បង់រួមមាន៖ ប្រាក់ប្រហែល២០០០ដុល្លារ, ចិញ្ចៀនមាស១វង់ ទម្ងន់១ជីកន្លះ និងខ្សែកមាស១វង់មានទម្ងន់៣ជី។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕