2024-01-22 04:01
73

ភ្នំពេញ៖ បុរសម្នាក់ ជានិស្សិតឆ្នាំទី៤ រៀនផ្នែកប្រវត្តិសាស្រ្ត បានបាត់បង់ជីវិតយ៉ាងអាណោចអាធម្ម ខណៈពេលជិះម៉ូតូឡើងស្ពានអាកាស៧មករា ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យដួលបោកក្បាលនៅនឹងផ្លូវ។

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥:៣០នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ចំណុចលើស្ពាន៧មករា។
សពមានឈ្មោះ ទុង សុខឿន ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកប្រវត្តិសាស្រ្ត រស់នៅខេត្តតាកែវ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ដោយបុរសរងគ្រោះ បានជិះម៉ូតូម៉ាហុងដាឌ្រីមសង់សេ១២៥ស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CJ-2096 ជិះតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ឡើងស្ពានអាកាស៧មករា ក្នុងទិសដៅពីលិចមកកើត។ ខណៈពេលជិះឡើង មកដល់ពាក់កណ្ដាលស្ពាន ក៏បានរេចង្កូតទៅខាងស្ដាំដៃបុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យដួលបោកក្បាលនៅនឹងផ្លូវស្លាប់ភ្លាមៗ ចំណែកឯមួកជនរងគ្រោះវិញ បានធ្លាក់ពីលើស្ពានទៅក្រោម។ ក្រោយមកប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ឃើញហេតុការណ៍ខាងលើនោះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចប្រមូលដ្ឋានសង្កាត់ទឹកល្អក់១ ចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុរួច ក៏បានទាក់ទងទៅជំនាញចរាចរណ៍ឲ្យចុះមកវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុក រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារ៕