2024-03-23 01:03
33

ភ្នំពេញ៖ កម្លាំងផ្នែកយុត្តិធម៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចោរប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមដងផ្លូវ ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ប្លន់យកម៉ូតូ០១គ្រឿង)។ 
    បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះថា ក្រោយទទួលបានព័ត៍មានភ្លាមលោក បានចាត់ឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីរសៀលថ្ងៃទី២២ ខែមីនាម្សិលមិញនេះ នៅចំណុចក្រោមអាគារទី១បុរីកីឡា ផ្លូវលេខ២៤ ភូមិ១២ សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ១៧៩ ផ្លូវលេខ១៣៨ ក្រុមទី២៥ ភូមិ ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៥:០៥នាទីទាបភ្លឺ ។
    លោកអធិការខណ្ឌរូបនេះ បានឱ្យដឹងទៀតថា ជនសង្ស័យ ឈ្មោះ សុខ រតនៈ ហៅ ពយ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ PassAp ស្នាក់នៅផ្ទះលេខ១៨ ប្លុកបុរីកីឡា ផ្លូវលេខ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
   វត្ថុតាងចាប់យកមាន៖ 
-PassApp ០១គ្រឿងពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1KI-8017 លេខតួនិងលេខម៉ាស៊ីន: AZXWPM26486 ជារបស់ជនសង្ស័យរូបនេះជិះធ្វើសកម្មភាពក្នុងពេលកើតហេតុ ។
    ចំណែកជនរងគ្រោះឈ្មោះ ឈាន ជីវ័ន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ធ្វើផ្លូវថ្នល់ ស្នាក់នៅផ្ទះលេខ១៧៩ ផ្លូវលេខ១៣២ ក្រុមទី២៥ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។
   បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់៕