2023-12-18 02:12
125

ភ្នំពេញ៖ ក្នុងជំនួបទ្វេភាគីរវាង លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មួយលោកស្រី កាមិកាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេសជប៉ុន «រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសជប៉ុន ប្ដេជ្ញាបន្តធ្វើឱ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន»

 ជំនួបនេះធ្វើឡើងក្នុងឱកាស នៃកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរខួប៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន- ជប៉ុន នៅទីក្រុងតូក្យូ។

 លោក កាមិកាវ៉ា - យ៉ូកុ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានសម្តែងនូវអំណរគុណចំពោះ លោកឧបនាយកដ្ឋមន្ត្រី សុខ ចិន្តាសោភា ដែលបានចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ខណៈដែលលោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរសាទរ ចំពោះប្រទេសជប៉ុន ដែលបានធ្វើម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ដ៏សំខាន់នេះដោយជោគជ័យ។

 រដ្ឋមន្ត្រីការបរទេសទាំងពីរ បានរំលឹកអំពីជំនួបប្រកបផ្លែផ្កា តាមទូរសព្ទកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៣ និងទទួលស្គាល់ថា «ឆ្នាំ២០២៣ គឺជាឆ្នាំដ៏មានអត្ថន័យសម្រាប់កម្ពុជា និងជប៉ុន» ដោយសារជាឆ្នាំខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ខ្លួនផង និងជាឆ្នាំដែលប្រទេសទាំងពីរ បានដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ជប៉ុន។

 រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់សាជាថ្មី នូវការប្ដេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរពហុវិស័យ ដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ រួមមានវិស័យនយោបាយ សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ ការសម្អាតមីន ប្រតិបត្តិការក្សាសន្តិភាព ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ការអភិវឌ្ឍធន៍ធនធានមនុស្ស ការអភិវឌ្ឍឌីជីថល និងសន្តិសុខអ៊ីនធឺណិត។ 

 លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបញ្ជាក់សាជាថ្មី នូវអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់ចំពោះដំណើរការសន្តិភាពនៅកម្ពុជា ព្រមទាំងជំនួយ និងការគាំទ្រដ៏ថ្លៃថ្លាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

 ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍ រវាងជប៉ុន និងកម្ពុជា រដ្ឋមន្ត្រីទាំងពីរ ទន្ទឹងរង់ចាំលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំអន្តរក្រសួងកម្ពុជា- ជប៉ុន ដែលគ្រោងរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទីក្រុងភ្នំពេញ នៅដើមឆ្នាំ២០២៤ ដើម្បីពិនិត្យសម្រេច លើសេចក្តីព្រាងគោលនយោបាយ ជំនួយសម្រាប់កម្ពុជា សម្រាប់រយៈពេល ៥ឆ្នាំ (២០២៤-២០២៨)។

 លើសពីនេះទៀត រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរបន្ថែមទៀត នៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ និងអាស៊ាន-ជប៉ុន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាពាក់ព័ន្ធបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភរួម ដូចជា ស្ថានភាពនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងខាងកើត កូរ៉េខាងជើង និង ជម្លោះអីស្រាអែល-ហាម៉ាស់ ជាដើម៕