2024-01-25 10:01
59

ភ្នំពេញ៖  សកម្មភាពកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ខណ្ឌ បានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ 

យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សែម រតនា ស្នងការរង ទទួលផែនការងារនគរបាលចរាចរណ៍ (ស្តីទី) កាលពីម្សិលមិញនេះ បានដឹកនាំប្រជុំស្តីពីការផ្សព្វផ្សាយផែនការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៤ និងជាតិស្រវឹងនៅពេលយប់ ជាមួយលោកនាយរងការិយាល័យគ្រប់ជំនាញ ព្រមទាំងលោកអធិការរង ទទួលការងារចរាចរណ៍ ដេីម្បីពង្រឹងលេីការអនុវត្តច្បាប់ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍នៅក្នុងរាជធានីភ្នំពេញ ឱ្យមកនៅកម្រិតទាប។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះបានថ្លែងថា អ្នកនឹងក្លាយជាឃាតករ បើនៅតែបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង!

លោកអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់យ៉ាងដូច្នេះថា ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។ ដោយលោកបានលើកឡើងថា ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ ពីចំណែកនៃមូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ 

បើតាមមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បើអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រឈាម ឡើងទៅ ឬបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើននាក់ជាដើម នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ។

ជាមួយគ្នានោះ ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់ឱ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ខណ្ឌ បន្តចុះផ្សព្វផ្សាយផលប៉ះពាល់ នៃការប្រើប្រាស់សារធាតុញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅសាលារៀនផងដែរ៕