2024-03-06 08:03
62

ភ្នំពេញ៖ «ធ្វើបាបកសិករម្ល៉េះ» សុំសួរបន្តិច តើបងប្អូនប៉ុន្មាននាក់ដែលបានឃើញការផុសមួយនេះ? នេះជាគឺជាការលើកជាសំណួររបស់ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ទៅមហាជនអ្នកនិយមលេងបណ្តាញសង្គមដែលចូលចិត្តបង្ហោះនូវព័ត៌មានមិនគ្រប់ជ្រោយ មានលក្ខណៈញុះញង់ ពាក់ព័ន្ធនឹងផលកសិកម្មរបស់ប្រជាកសិករខ្វះទីផ្សារ។ 

អ្នកនាំពាក្យរូបនេះ បានសរសេរថា «លោកមិនបានបដិសេធថា វិស័យកសិកម្មគ្មានបញ្ហានោះទេ ហើយក៏ទទួលស្គាល់ថា នៅមានរឿងជាច្រើននៅក្នុងវិស័យមួយនេះ ដែលទាមទារឱ្យមានការចូលរួមឱ្យបានទូលំទូលាយ ឈឺឆ្អាល និងជួយដោះស្រាយទាំងអស់គ្នាដែរ តែទង្វើបែបនេះមិនមែនជាការចូលរួមឡើយ»។ 

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានសរសេរលើបណ្តាញសង្គមថា៖ មានមនុស្សប្រហែល ៣មុឺននាក់ បានចែករំលែករូបភាពមួយនេះ និងជិត១០មុឺននាក់ ដែលបានចុច Likes ក្នុងនោះក៏មានមិត្តភ័ក្តិខ្ញុំជាច្រើននាក់ផងដែរ។ ហើយបើស្មានមិនខុសទេ អាចនៅមានមនុស្សរហូតដល់ខ្ទង់លាននាក់ទៀត ដែលបានឃើញរួចហើយក៏គិតថាវាគ្រាន់តែជាបញ្ហាមួយនៅក្នុងសង្គម បានត្រឹមតែមើលហើយក៏អូសរំលង។ 

លោក ឃឹម ហ្វីណង់ ចុះបើខ្ញុំប្រាប់ថា រូបភាពនេះគឺជារូបភាពដែលត្រូវបានគេប្រឌិតឡើងទៅវិញ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? តើមានមនុស្សប៉ុន្មាននាក់ ដែលបានក្លាយជាឧបករណ៍របស់ក្រុមពួកអ្នកបង្កើតមាតិកាព័ត៌មាន ដើម្បីឱ្យគេចុច Likes និង Shares និងគ្រាន់តែដើម្បីយក Views និងប្រយោជន៍ផ្ទាល់ខ្លួនដោយមិនខ្វល់ពីផលប៉ះពាល់ និងការជះឥទ្ធិពលជាអវិជ្ជមានដល់សង្គមជាតិ? 

ប្រសិនបើពេលថ្មីៗនេះអ្នកបានចុច Likes និង Shares រូបភាព ដែលច្រើនមានគូសរង្វង់មូលព៌ណក្រហមពីលើ និងមានសញ្ញាទ្រុងជ្រូក (Hashtag #) ចម្លែកៗ អ្នកប្រហែលជាជនរងគ្រោះដោយមិនដឹងខ្លួននៃការផ្សព្វផ្សាយក្នុងគោលបំណងបែបនេះហើយ។ 

លោក ឃឹម ហ្វីណង់ បានសរសេរទៀតថា ផេកនេះគ្រាន់តែជាឧទាហរណ៍ជាក់ស្តែងមួយតែប៉ុណ្ណោះ នៅមានករណីស្រដៀងគ្នានេះផ្សេងៗទៀត ដែលបានយកកសិកម្ម និងបញ្ហាសង្គមនានា មកធ្វើជាចំណុចទាក់ទាញចំណាប់អារម្មណ៍ ក្នុងគោលបំណងគ្រាន់តែដើម្បីប្រជាប្រិយភាពផ្ទាល់ខ្លួនតែប៉ុណ្ណោះ តួយ៉ាង ដូចជាករណីផ្សព្វផ្សាយរូបភាពធ្វើឱ្យមានការភ័ន្តច្រលំថាជាបឹងទន្លសាបទាំងមូល នៃការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់នៅតំបន់កន្លុកបាយក្អែក នៅឃុំផាត់សណ្តាយកាលពីពេលថ្មីៗនេះ ជាដើម។ 
លោកមិនបានបដិសេធថា «វិស័យកសិកម្មគ្មានបញ្ហានោះទេ» ហើយក៏ទទួលស្គាល់ថា «នៅមានរឿងជាច្រើននៅក្នុងវិស័យមួយនេះ» ដែលទាមទារឱ្យមានការចូលរួមឱ្យបានទូលំទូលាយ ឈឺឆ្អាល និងជួយដោះស្រាយទាំងអស់គ្នាដែរ តែទង្វើបែបនេះមិនមែនជាការចូលរួមឡើយ។ វាពិតជាគួរឱ្យសោកស្តាយ ក្នុងខណៈពេលដែលរាជរដ្ឋាភិបាលកំពុងតែព្យាយាមដោះស្រាយបញ្ហាប្រឈមក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាកសិករយ៉ាងសស្រាក់ស្រាំស្ទើរគ្មានលោះពេលសូម្បីតែមួយថ្ងៃ តែបែរជាមានមនុស្សមួយក្រុមតូចព្យាយាមធ្វើរឿងបែបនេះ បង្កភាពចលាចលមិនចាំបាច់នៅក្នុងសង្គម ដើម្បីកេងយកផលចំណេញផ្ទាល់ខ្លួនយ៉ាងអាត្មានិយមទៅវិញ។ 

លោកសង្ឃឹមថា ករណីមួយនេះនឹងក្រើនរំលឹកដល់បងប្អូនសាធារណៈជនទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន ថ្លឹងថ្លែង និងរង់ចាំផ្ទៀងផ្ទាត់ជាមុនសិន មុននឹងធ្វើការវិនិច្ឆ័យ ឬចែករំលែកព័ត៌មានល្បីណាមួយនៅលើបណ្តាញសង្គម។ 

ពាក់ព័ន្ធនឹងការបង្ហោះនូវខ្លឹមសាររបស់ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដ៏មានអន្ថន័យនេះ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចុប្បន្នជាសមាជិកសភា បានលើកឡើងថា៖ «សូមសរសើរក្រសួងកសិកម្មដែលបានជ្រើសយកអភិបាលស្រុកបន្ទាយស្រីដ៏សកម្ម មកធ្វើជាអ្នកនាំពាក្យ»។
 
លោក ខៀវ កាញារីទ្ធ បានសរសេរបន្ថែមថា៖  ការងារស្ថាប័នរដ្ឋមិនមែនផ្អិបដំណឹងខ្លាចថ្នាក់លើដឹង ឬ គេចចេញពីបញ្ហា (សម័យរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថលទៅហើយ) ប្រកែកយកសម ឬ វាយបកយកឈ្នះលើក្រដាសទាំងគេទាំងអស់គ្នា (លើកលែងតែថ្នាក់លើខ្លះ) ដឹងសុះសាយ ឬ ដឹងទាំងភ័ន្តច្រឡំ ព្រោះអត់មានការបំភ្លឺ នោះទេ។

 សំខាន់ការបកស្រាយហើយបើខុសទទួលថាខុស (តែអ្នកពូកែត្រូវពន្យល់ថាហេតុអី ) ដាក់ទិសកែប្រែ នោះប្រជាជនមានតែអបអរសាទរ ទទួលស្គាល់ថា «យើងមានភាពចាស់ទុំមែន ពិតមែនតែនេះជាជំនាន់ថ្មី តែជំនាន់ថ្មីចាស់គំនិត ……»៕