2023-04-18 12:04
397

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានសរសសេរលើបណ្តាញសង្គមថា "អ្នករំលោភយកដីចំណីមាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង និងរំលោភព័ទ្ធយកដីឆ្នេរសមុទ្រអង្កោល នៅខេត្តកែប ជាបុគ្គលតែម្នាក់"។

លោក សេរីរដ្ឋា បានសរសេរទៀតថា "បើក្រសួងមហាផ្ទៃមើលឃើញករណីនៅ ឆ្នេសមុទ្រអង្កោល ខេត្តកែប ហើយនោះ សូមមេត្តាមើលឃើញករណីនៅ ស្ទឹងសង្កែ ខេត្តបាត់ដំបង ផងដើម្បីតម្លាភាពនិងយុត្តិធម៌"។

លោកក៏បានបន្ថែមថា "មួយទៀតខ្ញុំ សូមអំពាវនាវដល់អ្នកមានលុយ… បើមានលុយរហូតដល់រដ្ឋបាលខេត្ត (ថ្នាក់ក្រោមជាតិ) ក៏ខ្លាចមិនហ៊ានប៉ះពាល់ហើយនោះ សូមេត្តាយកលុយទៅទិញដីស្របច្បាប់ពីប្រជាពលរដ្ឋដើម្បីពង្រីកធ្វើលំនៅដ្ឋានឬផ្ទះលំហែរផ្ទាល់ខ្លួនទៅ… សូមកុំឆ្ងាញ់តែដីចំណីស្ទឹង ចំណីឆ្នេរ ជារបស់រដ្ឋនោះ វានាំឲ្យថ្នាក់ដឹកនាំឈឺក្បាលនឹងអំពើលោភលន់របស់អ្នក"។

សូមរំឭកថា លោក អង្គ មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើលិខិតជម្រាបជូនអភិបាល នៃគណៈអភិបាលខេត្តកែប រឿងដីឆ្នេរសមុទ្រមួយកន្លែង នៅស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានបុគ្គលម្នាក់ធ្វើរបងរំលោភយកធ្វើជាកម្មសិទ្ធិ ពិនិត្យជាសមត្ថកិច្ច រួចរាយការណ៍ជាលាយលក្ខណ៍អក្សរមកក្រសួងមហាផ្ទៃ ដើម្បីក្រសួងមាន មូលដ្ឋានចាត់ការបន្ត។

លោក កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រងការរិះថា បានរំលោភយកដីឆ្នេរសមុទ្រ និងបង្វែគម្រោងទីតាំងផ្លូវ បានបង្កការភ្ញាក់ផ្អើល ដល់ក្រុមការងារអន្តរក្រសួង តំណាងធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋបាលខេត្តកែប។

តាមប្រភពព័ត៌មានច្បាស់ការណ៍ធ្លាប់បានទម្លាយឲ្យដឹងថា ករណីមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរំលោកភយកដីឆ្នេរ "អង្កោល" នោះ លោក កែវ ប៉េងវឌ្ឃន៍ បានលក់បន្តទៅឲ្យម្ចាស់ថ្មីដោយផ្ទេរសិទ្ធអស់ហើយ។

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពយើងមិនអាចទំនាក់ទំនងសុំការបកស្រាយពីលោក កែវ ប៉េងវឌ្ឃន៍ បានឡើយនៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នេះ៕