2023-04-06 06:04
301

តាកែវ៖ មុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ បានធ្វើសកម្មភាបលួចរថយន្តបែនដឹកដីមួយគ្រឿងរួចព្យាយាមបើករត់គេចខ្លួនក្រឡាប់ធ្លាក់ប្រឡាយផ្ងារជើងតែម្តង។

ករណីចោរលួចរថយន្ត កើតឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៤និង០០ នាទីទាបភ្លឺ ត្រង់ចំណុចភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ 

នគរបាលស្រុកបាទី បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះលុន វណ្ណា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ បានធ្វើសកម្មភាពចូលលួចរថយន្តមួយគ្រឿង ម៉ាក NISSAN DUMP ពណ៌បៃតងខ្ចី សេរីឆ្នាំ២០០០ ពាក់ផ្លាក លេខ ចង្កូតស្តាំ KPS-8388 ប្រភេទបែនកង់៦ របស់ជនរងគ្រោះឈ្មោះ ហួ វូចង៉ែត ភេទស្រី អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិតានប់ ឃុំត្នោត ស្រុកបាទី។ 

នគរបាលបានឲ្យដឹងទៀតថា បន្ទាប់ធ្វើសកម្មភាពលួចរថយន្តបានសម្រេចក៏ព្យាយាមបើកគេចខ្លួន លុះចំណុចភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក៏ក្រឡាប់រថយន្តធ្លាក់ចូលប្រឡាយតែម្តង។ 

ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាន ផានណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយលោកតំណាងអយ្យការអមសាលាដំបូងខេត្ត តាកែវ កម្លាំងជំនាញអធិការនគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញរបស់អធិការនគរបាលស្រុកសំរោង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរវៀង និងកម្លាំងប្រជាការពារ ឈនដល់ចាប់ខ្លួនបានជនសង្ស័យឈ្មោះ លុន វណ្ណា នៅត្រង់ចំណុចក្នុងព្រៃស្ថិត នៅភូមិបឹងកន្រ្ទន់ ឃុំស្លា ស្រុកសំរោង នាំមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាង សំណុំរឿងតាមនីតិវិធី។ 

បច្ចុប្បន្ន រថយន្តយន្តបានប្រគល់ឲ្យជនរងគ្រោះវីញ ក្រោមការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ ចំណែកជនសង្ស័យកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕