2024-03-04 02:03
50

នៅក្នុងកិច្ចប្រជុំកាលពីរសៀលចុងសប្តាហ៍ លោក ជា ខេម៉ា  ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានណែនាំដល់អធិការ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ សង្កាត់ទាំង១១ ត្រូវត្រៀមលក្ខណៈឲ្យបានល្អប្រសើរដើម្បីចូលរួមក្នុងពិធីដង្ហែក្បួន អបអរសាទរ ពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាត អាស៊ាន ដែល ខណ្ឌ ទើបទទួលបានថ្មីៗនេះ ហើយពិធីដង្ហែនេះ នឹងត្រូវធ្វើឡើង នាថ្ងៃទី៦ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។ 

លោក  ជា ខេម៉ា មានប្រសាសន៍ថា នៅថ្ងៃដង្ហែក្បួន នេះ មានអ្នកចូលរួមរាប់ពាន់ នាក់ ចែកជាផែន ចំនួន១០ផ្សេងគ្នា ដោយមានការចូលរួម ពីមន្ទីរវប្បធម៌ មន្ទីរបរិស្ថាន មន្ទីរអប់រំ ក្រុមហ៊ុនមីហ៊្សូដា ប្រជាពលរដ្ឋ អាជីវករ មន្ដី្ររាជការសាលាខណ្ឌព្រមទាំងមានសិស្សានុសិស្ស ប្រមាណ៣ពាន់នាក់ផងដែរ។

ជាមួយគ្នានេះលោកប្រធានគណៈបញ្ជាការឯកភាព ក៏បានណែនាំឲ្យគ្រប់ផ្នែកទាំងអស់ត្រូវផ្សព្វផ្សាយពិធីដង្ហែពាននេះ ឲ្យបានជ្រួតជ្រាបដល់មូលដ្ឋាន ពិសេសនៅទីតាំងដែលក្បួនឆ្លងកាត់ ដោយត្រូវផ្អាកសកម្មភាពនឹងត្រូវមានស្មារតី ចូលរួមអបអរសាទរទាំងអស់គ្នាផងដែរ ។ 

លោក ជា ខេម៉ា បានបញ្ជាក់ថា ការទទួលបានពាននេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង  ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរ ទាំងមន្ទីរជំនាញ ប្រជាពលរដ្ឋ អាជីវករ ទើបធ្វើឲ្យមូលដ្ឋានយើងបានស្អាតល្អ ទទួលបានការលើកសរសើរ ពីថ្នាក់ជាតិ និងថ្នាក់អាស៊ាន  ដូចនេះ យើងត្រូវ បន្ដចូលរួម បន្ថែមទៀត ដើម្បី លើកកម្ពស់ បរិស្ថាន អនាម័យសោភ័ណភាព ដើម្បីរួមចំណែក កសាងនិងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនឡើងថែមទៀតផងដែរ ។

គួរបញ្ជាក់ថានៅ ថ្ងៃ ទី០៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ  រដ្ឋបាលខណ្ឌដូនពេញ រួមជាមួយមន្ទីរអង្គភាព ពាក់ព័ន្ធនឹងមានរៀបចំពិធីហែរពានរង្វាន់ជ័យលាភីខណ្ឌដូនពេញ ជាប់ជ័យលាភី ទីក្រុងទេសចរណ៍ស្អាត អាស៊ាន និងការបញ្ជ្រាបការយល់ដឹង ការសម្អាតទីក្រុង ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាត លើក ទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ ទីក្រុងស្អាតដើម្បីទេសចរណ៍ ដោយមានការជួបជុំគ្នានៅក្បែរព្រះ អង្គដងកើ មុខព្រះបរមរាជវាំង វេលាម៉ោង ៦:០០ នាទីព្រឹក រួចហែជាក្បួនល តម្រាយផ្លូវទៅទិសខាងជើង តាម បណ្តោយតិរវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ៩៤ បត់ខាងលិចមកដល់រង្វង់មូលវត្តភ្នំ រួចហែ ប្រទក្សិណជុំវិញវត្តភ្នំ ចំនួន ៣ជុំ បន្ទាប់មកមានការជួបជុំប្រារព្ធពិធីនៅទីតាំងនាឡិកាធំវត្តភ្នំ ជាកិច្ចបញ្ចប់នៃកម្មវិធី ៕