2023-07-12 02:07
257

ភ្នំពេញ​៖    ប្រជាពលរដ្ឋចាប់នឹងឃាត់ខ្លួន នារីជាជនសង្ស័យម្នាក់ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ក្រោយធ្វើសកម្មភាពលួងលោមក្មេងស្រីអាយុ៣ឆ្នាំដោះយកក្រវិលកាលពីវេលាម៉ោង៩និង២០នាទីព្រឹក​ ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅភូមិព្រៃព្រីងជើង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

ជនសង្ស័យឈ្មោះឈាង​ ស្រីលីន​ អាយុ២២ឆ្នាំ​ មុខរបរបំរំរើការងារភោជ្ជនីដ្ឋានមួយកន្លែង​ ស្នាក់នៅភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។

ដោយឡែកក្មេងស្រីរងគ្រោះអាយុ៣ខួប​ ហើយក្រវិលមាសដែលជនសង្ស័យដោះយកនោះ​ ទម្ងន់៣ហ៊ុន ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកើតហេតុខណៈម្តាយកំពុងរវល់លក់ដូរដោយទុកកូនស្រីរត់លេងនៅមុខផ្ទះលុះមកដល់វេលាកើតហេតុស្រាប់តែមាននារីជាជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្កូបពីពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2HC 1076 មកឈប់និយាយលួមលោមហើយបានដោះយកក្រវិលមាសពីក្មេងស្រីបានសម្រេចភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរឃើញទាន់ក៏ចាប់ឃាត់ខ្លួនរួចតេទូរសព្ឌហៅសមត្ថកិច្ចប៉ុស្តិ៍មកទទួលយក។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដើម្បីចាត់ការតាមច្បាប់៕