2024-03-24 07:03
42

ភ្នំពេញ៖ ស្ត្រីអ្នករកស៊ីជួញដូរអាវុធកែច្នៃបាញ់ប្រហារដោយប្រើប្រាស់គ្រាប់លោកហៈ  (គ្រាប់ដាង) លើប្រព័ន្ធអនឡាញ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនក្នុងមណ្ឌលកែប្រែទី២ (ម២) ពីបទ៖ «ធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ លក់អាវុធ កែច្នៃបាញ់ គ្រប់លោហៈ»។
    ស្ត្រីត្រូវចោទមានឈ្មោះ ង៉ូវ ម៉េង អាយុ ៣៥ឆ្នាំ មុខរបរលក់លើបណ្តាញអនឡាញ មានស័យដ្ឋានមុនចាប់ខ្លួនផ្ទះលេខ ៥៤០ ផ្លូវ៥៩៨ ភូមិរ៉ាដា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចអគ្គស្នងការនគរបាលជាតិស្រាវជ្រាវ និងឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ។
    យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ លោក លិ សុខា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ស្ត្រីជនត្រូវចោទឈ្មោះ ង៉ូវ ម៉េង អាយុ ៣៥ឆ្នាំ ជាម្ចាក់គេហទំព័រហ្វេសប៊ុកឈ្មោះ “ស្តេចជំពាម KH” ដែលបានបង្ហោះលក់ដូរប្រភេទអាវុធកែច្នៃប្រើគ្រាប់លោហៈ (គ្រាប់ប៉ាដាងម៉ូតូ) ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារ (ម២) ពីបទ «ធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ (លក់អាវុធ កែច្នៃបាញ់គ្រប់លោហៈ)» ដែលបានប្រព្រឹត្តនៅតាមរយៈបណ្តាញសង្គម Facebook កាលពីកំឡុងឆ្នាំ២០២២  រហូតបច្ចុប្បន្ន តាមបញ្ញត្តិមាត្រា ២០ នៃច្បាប់ ស្តីពី ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។
    សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបស្ត្រីរកស៊ីជួញដូរអាវុធកែច្នៃសម្រាប់បាញ់ប្រហារនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងសហការជាមួយកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ដោយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារ Hotline Scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវរកឃើញទំព័រហ្វេសប៊ុកមួយឈ្មោះ “ស្តេចជំពាម KH” ដែលបានបង្ហោះលក់អាវុធកែច្នៃប្រើគ្រាប់លោហៈឈានដល់ការនាំខ្លួនជនសង្ស័យដែលជាម្ចាស់ទំព័រហ្វេសប៊ុកខាងលើមកសាកសួរពាក់ព័ន្ធករណីផ្សព្វផ្សាយ និងលក់ចែកចាយកាំភ្លើងកែច្នៃប្រើគ្រាប់លោហៈតាមបណ្តាញសង្គម រួមកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតែម្តង។
    ប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញអគ្គស្នងការនគរបាលជាតិ បានរកឃើញ និងដកហូតសម្ហារៈពាក់ព័ន្ធដែលជាគ្រឿងបង្គុំអាវុធកែច្នៃ រួមមាន៖ កាំភ្លើង (អាវុធកែច្នៃ), ជំពាម, ខ្សែកៅស៊ូ, ឧបករណ៍គ្រឿងបង្គុំ និងគ្រាប់ដែក ចំនួន ០៤ប៉ាវតូច។ ក្រោយការឃាត់ខ្លួនជនសង្ស័យឈ្មោះ ង៉ូវ ម៉េង សារភាពថា «ពិតជាបានប្រព្រឹត្តដោយផ្សព្វផ្សាយលក់អាវុធកែច្នៃលើបណ្តាទំនាក់ទំនងសង្គមប្រាកដមែន» ។
ក្រោយពីការសាកសួរ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ត្រូវបានតំណាងអយ្យការអមសាលា   ដំបូងធ្វើការចោទប្រកាន់ និងបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងចេញដីកាបង្គាប់ឱ្យឃុំខ្លួន ពីបទ៖ «ធ្វើចរាចរណ៍អាវុធសម្រាប់ផ្សេងៗ (លក់អាវុធ កែច្នៃបាញ់គ្រាប់លោហៈ)»។
លោកឧត្តមសេនីយ៍ឯក ជា ពៅ ធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សូមបញ្ឈប់នូវការផ្សព្វផ្សាយ និងធ្វើអាជីវកម្មទិញលក់ កាំភ្លើងកែច្នៃផ្សេងៗតាមបណ្តាញសង្គម ដែលបង្កអសន្តិសុខដល់សង្គម និងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វតែម្តង៕