2023-10-06 08:10
245

បន្ទាយមានជ័យ៖ ម្ចាស់ទីតាំងខារ៉ាអូខេម្នាក់ ដែលបានផ្តល់ទីតាំងឲ្យមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ និងអ្នកពាក់ព័ន្ធប្រុស ស្រី ចំនួន ១៤នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២០និង០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ចុះបង្រ្កាបសំបុកចែកចាយ និងប្រើប្រាស់គ្រឿងដ៏ធំមួយកន្លែង ដោយឃាត់ខ្លួនមនុស្ស ចំនួន ១៥នាក់។

លោកអធិការបន្តទៀតថា ទីតាំងដែលមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀននោះ ស្ថិតក្នុងហាង KTV) មួយកន្លែងគ្មានស្លាកយីហោ នៅក្នុងបុរី «សាន ហូរ» នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

លោកអធិការបានបន្ថែមថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១៥នាក់ ស្រី ០៥នាក់ ក្នុងនោះមុខសញ្ញាបប្រើប្រាស់អាវុធខ្លីខុសច្បាប់ និងផ្ដល់ទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀន និងរក្សាទុកវត្ថុតាងសង្ស័យជាសារធាតុញៀនខុសច្បាប់ ០១នាក់មានឈ្មោះ ផាន់ គួយ ភេទប្រុស អាយុ ៣៦ឆ្នាំ ម្ចាស់ហាងការ៉ាអូខេនោះតែម្តង។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលបានឆែកឆេររកឃើញវត្ថុតាងរួមមាន៖ 
- កាំភ្លើងខ្លី ០១ដើម ម៉ាក P114 និងបង់ ០១ មាន ១២គ្រាប់ 
- ថ្នាំកញ្ចប់ពណ៌ក្រហម មានអក្សរ KUKUBIMA សង្ស័យជាសារធាតុញៀនចំនួន ១៨០កញ្ចប់ 
- ថ្នាំកញ្ចប់ពណ៌ខ្មៅ មានអក្សរ RR សង្ស័យជាសារធាតុញៀន ចំនួន ២៣កញ្ចប់ 
- ថ្នាំកញ្ចប់ពណ៌ក្រហមលាយទឹកមាស CARTIER សង្ស័យជាសារធាតុញៀន ចំនួន ៦៨កញ្ចប់ 
- ថ្នាំកញ្ចប់ពណ៌ទឹកក្រូច(KUKU BIMA)សង្ស័យជាសារធាតុញៀន ចំនួន ១០កញ្ចប់ 
- ថ្នាំកញ្ចប់ពណ៌ស្វាយលាយលឿង EXTRAJOSS សង្ស័យជាសារធាតុញៀន ចំនួន ១៣២កញ្ចប់ 
- ថ្នាំកញ្ចប់ពណ៌លឿង KUKUBIMA សង្ស័យជាសារធាតុញៀន ចំនួន ៩៩កញ្ចប់ 
- ថ្នាំកញ្ចប់ពណ៌ទឹកក្រូច TANG សង្ស័យជាសារធាតុញៀន ចំនួន ០៤កញ្ចប់ធំ 
- ថ្នាំកញ្ចប់ពណ៌ប៉ៃតង KUKUBIMA សង្ស័យជាសារធាតុញៀន ចំនួន ៥៦កញ្ចប់ 
- ដបពណ៌ខ្មៅមានអក្សរ BAR សង្ស័យជាសារធាតុញៀនចំនួន ០៧ដប 
- ម្សៅម៉ត់ពណ៌លឿងសង្ស័យជាសារធាតុញៀនចំនួន ០១កូនថង់តូច និង០១ថង់ធំ 
- ម្សៅម៉ត់សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០៦កូនថង់ធំ 
- ម្សៅម៉តពណ៌ដីសង្ស័យជាសារធាតុញៀន ចំនួន ០២កូនថង់ធំ និង ០១ប្រអប់។ 
- ម្សៅម៉ត់ពណ៌ផ្កាឈូកខ្ចីសង្ស័យជាសារធាតុញៀនចំនួន ០១កូនថង់ធំ 
- ម្សៅម៉ត់ពណ៌ផ្កាឈូកចាស់សង្ស័យជាសារធាតុញៀន ចំនួន ០១ថង់ធំ និង០១ប្រអប់ 
- កញ្ឆាក្រៀមចំនួន ០១ថង់ធំ និង៣០កញ្ចប់តូច 
- ថ្នាំកញ្ចប់ពណ៌ខៀវសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ 
- ម្សៅម៉ត់ពណ៌ស្វាយសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់ 
- ថ្នាំកញ្ចប់មានអក្សរ EXTRAJOSS សង្ស័យជាសារធាតុញៀន ចំនួន ០៦កញ្ចប់ 
- ថ្នាំកញ្ចប់ពណ៌ខ្មៅមាអក្សរ NOCARDIA សង្ស័យជាសារធាតុញៀន ចំនួន ០៤កញ្ចប់ 
- ថ្នាំគ្រាប់ពណ៌ត្រួយចេករូបបាតដៃសង្ស័យជាសារធាតុញៀន ចំនួន ២៥៤គ្រាប់ 
- ម្សៅម៉ត់សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០៣កូនថង់តូច 
- ម្សៅម៉ត់ពណ៌លឿងសង្ស័យជាសារធាតុញៀនចំនួន ០២កូនថង់តូច 
- ម្សៅម៉ត់សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១កូនថង់ 
- សំបកថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០២គ្រឿង 
- ថ្នាំកញ្ចប់មានអក្សរ SUPREME សង្ស័យជាសារធាតុញៀន ចំនួន ០១កញ្ចប់ 
- ថ្នាំកញ្ចប់ពណ៌ត្រួយចេកសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ 
- ថ្នាំកញ្ចប់មានអក្សរ LV សង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ 
- ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន និងទូរសព្ទដៃ ចំនួន ០៦គ្រឿង 
- ម្សៅម៉ត់ពណ៌ត្រួយចេកសង្ស័យជាសារធាតុញៀនចំនួន ០១កូនថង់តូច និងថ្នាំពណ៌ការ៉ុតច្រកក្នុងដបវីតាល់ ចំនួន ០១ដប។

 លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ឈ្មោះ ផាន់ គួយ រូបគេពិតជាបានកាន់កាប់អាវុធខុសច្បាប់ និងផ្តល់ទីតាំងប្រើប្រាស់ និងរក្សាទុកសារធាតុញៀនសខុសច្បាប់ប្រាកដមែន។ 

បច្ចុប្បន្ន ជនសង្ស័យទាំង ១៥នាក់ ត្រូវបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕