2023-09-26 08:09
140

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃចន្ទទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកសំពៅលូន បង្រ្កាបឃាត់ខ្លួនយុវជនម្នាក់ក្នុងករណីលួចដោយមានស្ថានទម្ងន់ទោស និងប្រព្រឹត្តិគ្រឿងញៀនផង អនុវត្តតាមច្បាប់។ 

របាយការណ៍ដដែលបន្តថា មានករណីអំពើលួច មានស្ថាន ទម្ងន់ទោស ឆក់ការបូបប្រាក់មួយបានកើតឡើង នៅចំណុចក្រុមទី១៣ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅ លូន ខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ខែកញ្ញាម្សិលមិញនេះ បង្កដោយជនសង័្សយបានធ្វើសកម្មភាពឆក់កាបូបប្រាក់ទៅលើជនរងគ្រោះឈ្មោះ ប៊ូ ចន្ធី ភេទស្រី អាយុ ៣៨ ឆ្នាំមានទីលំនៅភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលករណីនេះប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានគ្នាចំនួន ០១ នាក់ ភេទប្រុស អាយុប្រហែល២៨ ឆ្នាំ មាឌធំខ្ពស់ពាក់យឺតអាវពណ៌ខៀវអាវដៃវែងពណ៌ទឹកក្រូចស្លៀកខោពណ៌ប្រផេះពាក់ស្បែកជើងកវែងពណ៌ត្នោត ពាក់មួកសុវត្ថិភាពពណ៌ខ្មៅលាយឆ្នូតពណ៌ក្រហម នៅខាងក្រោយស្ពាយធុងម៉ាស៊ីនបាញ់ថ្នាំពណ៌ទឹកក្រូចលាយស បានធ្វើសកម្មភាពជិះម៉ូតូម៉ាក HONDA DREAM  ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ស្លាកលេខមិនចាំ  ឆក់ទាញយកកាបូបប្រាក់ពីជនរងគ្រោះដែលកំពុងជិះម៉ូតូនៅលើដងផ្លូវចំណុចខាងលើបណ្តាលឱ្យដាច់ខ្សែរកាបូបនិងយកការបូបនោះទៅដោយនៅក្នុងកាបូបប្រាក់នោះមានទូរស័ព្ទដៃមួយគ្រឿងម៉ាកvivoពណ៌ខ្មៅចំនួន០១គ្រឿង។ 

ក្រោយពេលកើតហេតុជនរងគ្រោះបានផ្តល់ព័ត៌មាន មកសមត្ថកិច្ចនគរបាលស្រុកសំពៅលូ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងក្នុងអង្គភាព ធ្វើការស្រាវជ្រាវលើករណីនេះ ដោយរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តានិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ រហូត ដល់សមត្ថកិច្ចកំណត់មុខសញ្ញាបានរហូត ឈានដល់ការឃាត់ខ្លួនឈ្មោះ យ៉ង់ ស៊ីដែន ហៅ ដែន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នាថ្ងៃទី២៤ខែកញ្ញាឆ្នាំ ២០២៣ដដែលដោយដកហូតបាន៖
-ការបូបលុយស្ពាយពណ៌ខ្មៅ ចំនួន០១  
– ម៉ាស៊ីនបាញ់ថ្នាំចំនួន០១គ្រឿង 
-ទូរស័ព្ទដៃចំនួន០២គ្រឿង(ម៉ាក vivo ពណ៌ទឹកប៊ិចចំនួន០១គ្រឿង និងម៉ាក oppo ពណ៌ខ្មៅចំនួន០១គ្រឿង) 
-អំពូលកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន០១  
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាកស្ទិកពណ៌សថ្លាចំនួន០១ថង់សង្ស័យមានសារធាតុញៀន 
-ម៉ូតូចំនួន០១គ្រឿង  ម៉ាក HONDA DREAM  ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ស្លាកលេខ បាត់ដំបង 1AQ- 7137 
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង័្សយបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆក់កាបូប របស់ជនរងគ្រោះខាងលើពិតប្រាកដកមែន ដែលក្នុងកាបូបនោះមានទូរស័ព្ទមួយគ្រឿង រីឯថ្នាំញៀនម៉ាទឹកកក ចំនួន០១កូនថង់និងឧបករណ៌សម្រាប់ជក់ដែលសមត្ថកិច្ចឆែកេឆេររកឃើញនៅក្នុងហោប៉ាវខោរបស់ខ្លួននោះ គឺពិតជារបស់ខ្លួនដែលទិញសម្រាប់ជក់ ដោយទិញពីគេមិនស្គាល់ឈ្មោះ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង  ។

ពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង័្សយខាងលើ និងវត្ថុតាង ពាក់ព័ន្ធ មក ការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី រីឯទូស័ព្ទបានប្រគល់ជូនជនរងគ្រោះវិញហើយពាក់ព័ន្ធករណីគមរឿងញៀនសមត្ថកិច្ចបន្តស្រាវជ្រាវបន្ថែមទៀត៕