2024-01-20 09:01
78

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ហៅ ឃុត វឌ្ឍនា ស្នងការរង ទទួលជួយដឹកនាំការងារកងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ពី បទៈ «ទ្វេពន្ធភាព» នៃច្បាប់ឯកពន្ធភាព។
    នាព្រលប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានប្រាប់ថា «តំណាងអយ្យការបានចោទប្រកាន់ ឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ពីបទៈ ទ្វេពន្ធភាព ប្រព្រឹត្តនៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមមាត្រា ០៤ និង មាត្រា ០៩ នៃច្បាប់ឯកពន្ធភាព»។
    លោកឧត្តមសេនីយ៍ ង៉ាម រី ស្នងការរង ទទួលដឹកនាំការងារកងអន្តរាគមន៍ នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនដើម្បីសាកសួរពាក់ព័ន្ធករណីក្លែងបន្លំឯកសារសាធារណៈ រៀបការប្រពន្ធថ្មី តាមបណ្តឹងរបស់ប្រពន្ធដើមដែលមិនទាន់លែងលះគ្នាដាច់ស្រឡះ។ 
   សូមជម្រាបថា លោកស្រីវរសេនីយ៍ឯក មូន មល្លិកា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រាប់កម្ពុជាថ្មី ឲ្យដឹងថា «លោកស្នងការរង នគរបាលខេត្តកំពង់ស្ពឺម្នាក់ ដែលបានលួចរៀបការប្រពន្ធថ្មី ត្រូវសមត្ថកិច្ចនគរបាលជំនាញប្រឆាំងការជួញដូរមនុស្សឃាត់ខ្លួននោះ បានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ចំណែកករណីផ្សេងទៀត គឺខាងជំនាញរបស់គេធ្វើផ្សេងទៀត»។
    នៅយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធលួចការប្រពន្ធថ្មី ដោយក្លែងបន្លំឯកសារសាធារណៈ។ 
   សូមបញ្ជាក់ថា លោកស្នងការរង ង៉ាម រី បានរត់ឯកសារបញ្ជាក់ភាពពោះម៉ាយ និង ស្នើសុំច្បាប់រៀបអាពារពិពាហ៍ដោយដាក់ឈ្មោះ  ឃុត វឌ្ឍនា អាយុ ៥២ឆ្នាំ ទីកន្លែងកំណើត នៅភូមិខ្នរ ឃុំព្រែលាប ស្រុកមុខកំពូល ខេត្តកណ្តាល បច្ចុប្បន្ន នៅផ្ទះលេខ ៣១៦E2 ផ្លូវម៉ៅស៊ីទុង ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
    លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវរៀបអាពារពិពាហ៍ជាមួយនារីម្នាក់ ឈ្មោះ ឃ.ស. មុខរបរ លក់ដូរ មានភូមិស្រែថ្នល់ ឃុំកាហែង ស្រុកសំរោងទង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដោយសង់រោងការរួចរាល់ត្រៀមទទួលភ្ញៀវចូលរួមអបអរសាទរ និងរងចាំរាត្រីក្រេបទឹកឃ្មុំប៉ុណ្ណោះ ប៉ុន្តែសភាពការត្រូវបានផ្លាស់ប្តូរ ៣៦០ដឺគ្រេ ព្រោះបែកការដល់ប្រពន្ធដើមដែលមិនទាន់លេងលះដាច់ស្រឡះ រហូតដល់មានការឃាត់ខ្លួន៕