2024-01-14 06:01
78

ភ្នំពេញ៖ នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ករណីគ្រោះអគ្គិភ័យដែលឆាបឆេះ ទីលាន «បាញ់កាំភ្លើងភ្នំពេញ» ក្នុងខណ្ឌពោធិ៍សែនជ័យ បានបំផ្លិចបំផ្លាញទីលានបាញ់កាំភ្លើងអស់មួយផ្នែកធំ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងបណ្តាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់របួសឬបាត់បងជីវិតឡើយ។ 
    ហេតុការណ៍គ្រោះអគ្គិភ័យខាងលើ បានកើតឡើង នៅវេលាម៉ោង ១១និង០០ នាទីព្រឹក ថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ នៅចំណុចទីលាន «បាញ់កាំភ្លើងភ្នំពេញ» ដែលស្ថិតនៅ ភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 
    សមត្ថកិច្ចបានឲ្យដឹងថា ចំពោះម្ចាស់ទីតាំង ទីលាន «បាញ់កាំភ្លើងភ្នំពេញ» ដែលរងគ្រោះមានឈ្មោញ ព្រំ ធា ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិ ខ្មែរ ទីព្រឹក្សាក្រសួងមហាផ្ទៃ។ ចំពោះមូលហេតុ: ដែលបណ្ដាលឲ្យកើតមានអគ្គិភ័យមកពីឆ្លងចរន្តអគ្គិសនី។ 
     របាយការណ៍បានបញ្ជាក់ថា ទីលានបាញ់កាំភ្លើង ជាប្រភេទសំណង់ថ្ម ប្រក់ស័ង្កសី ទំហំ ២៣ម៉ែត្រគុណ៧៧ម៉ែត្រ រងកាតខូចខាតសម្ភារៈ ឆេះផ្នែកខាងក្រោយ នៃទីលានបាញ់កាំភ្លើង ទំហំ ១៤ម៉ែត្រគុណ២៣ម៉ែត្រ អស់មួយផ្នែកខាងក្រោយ ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។ 
     ក្នុងប្រតិបត្តិពន្លត់ករណីឆេះ ទីលាន «បាញ់កាំភ្លើងភ្នំពេញ» កងកម្លាំងបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រេីប្រាស់រថយន្តរបស់ការិយាល័យអគ្គិភ័យ ចំនួន ១៣គ្រឿង ប្រេីប្រាស់ទឹកអស់ ចំនួន ៥២ រថយន្ត ស្មើរនឹង ២០៨ ម៉ែត្រគូប, រថយន្តជំនួយអន្តរាគមន៍ៈ រថយន្តអគ្គិភ័យនាយដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ត ស្មើនឹង ១៦ ម៉ែត្រគូប, រថយន្តអគ្គិភ័យបញ្ជាការដ្ឋានពិសេស ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ៣០ រថយន្ត ស្មើនឹង ១២០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពជា ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើនឹង ០៦ម៉ែត្រគូប ។
    កិច្ចអន្តរាគមន៍បាញ់ពន្លត់គ្រោះអគ្គិភ័យបានបញ្ចប់នៅវេលាម៉ោង ១៣នឹង០០ នាទីរសៀល នាថ្ងៃខែ ឆ្នាំដដែល ដោយគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕