2024-03-05 12:03
113

ភ្នំពេញ៖ ឪពុករបស់ទារិកាដែលបានស្លាប់ដោយសារធ្វេសប្រហែសរបស់ក្រុមគ្រួពេទ្យនៃមន្ទីរពេទ្យសម្ភពសោភា បានសម្រេចដាក់ពាក្យសុំអន្តរាគមន៍ទៅកាន់ក្រសួងសុខាភិបាលជាលើកទី៣ ដើម្បីឱ្យជួយរកយុត្តិធម៌ និងអនុវត្តច្បាប់ឱ្យបានតឹងរឹងលើមន្ទីរពេទ្យឯកជនមួយនេះ។

លោក វ៉ា វិសិដ្ឋ ជាឪពុកទារិការងគ្រោះ បានសម្រេចចិត្តដាក់ពាក្យជាលើកទី៣ ទៅកាន់ក្រសួងសុខាភិបាល គឺដោយសារតែលោកគ្រូពេទ្យឈ្មោះ ប៉ិច សុធី និងក្រុមគ្រូពេទ្យក្នុងបន្ទប់វះកាត់ នៃមន្ទីរពេទ្យសម្ភពសោភា មិនបានគោរព និងអនុវត្តតាមកិច្ចព្រមព្រៀងដែលធ្វើឡើងនៅចំពោះមុខគណៈកម្មការដោះស្រាយបណ្ដឹងរបស់ក្រសួងសុខាភិបាលកាលពីពេលកន្លងទៅ។ 

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែមករា និងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកគ្រូពេទ្យឈ្មោះ ប៉ិច សុធី និងក្រុមការងាររបស់លោកបានសន្យានៅចំពោះមុខ លោក ស៊ិក ប៊ុណ្ណា ជាប្រធានគណៈកម្មការដោះស្រាយបណ្ដឹងនៃក្រសួងសុខាភិបាល និងអាណាព្យាបាលរបស់ទារិការងគ្រោះថា «នឹងរៀបចំពិធីសុំខមាទោសព្រលឹងទារិការងគ្រោះឈ្មោះ ចក្រា ស្រីពុំ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤»។ 

ប៉ុន្តែរហូតមកដល់ពេលនេះ លោកគ្រូពេទ្យ ប៉ិច សុធី និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យសម្ភពសោភា VIP មិនបានគោរព និងអនុវត្តតាមកិច្ចព្រមព្រៀងនោះទេ ដែលទង្វើនេះត្រូវបានអាណាព្យាបាលរបស់ទារិការងគ្រោះចាត់ទុកថា «ជាការខ្វះសីលធម៌ និងខ្វះវិជ្ជាជីវៈជាគ្រូពេទ្យ» ដោយព្យាយាមយកលុយ ចំនួន ២ ០០០ដុល្លារ ទៅសងជំងឺចិត្តគ្រួសារជនរងគ្រោះដើម្បីបញ្ចប់រឿងទៅវិញ។

ក្នុងនាមជាឪពុកទារិការងគ្រោះ លោក វ៉ាត វិសិដ្ឋ បានទាមទារឱ្យក្រសួងសុខាភិបាល ពន្លឿនការដោះស្រាយបណ្ដឹងរបស់លោក និងសុំឱ្យក្រសួងសម្រេចដកអាជ្ញាប័ណ្ណពីមន្ទីរពេទ្យសម្ភពសោភា ដោយសារតែក្រុមគ្រូពេទ្យ និងម្ចាស់មន្ទីរពេទ្យនេះ បានធ្វើឱ្យកូនស្រីរបស់លោកស្លាប់ដោយគ្មានការទទួលខុសត្រូវ។

ជុំវិញករណីនេះ មន្ទីរពេទ្យសម្ភពសោភា ធ្លាប់បានចេញលិខិតបំភ្លឺថា «អ្នកជំងឺជាម្ដាយរបស់ទារិការងគ្រោះ បានចូលទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនោះ នៅវេលាម៉ោង ២ និង៣០នាទីទៀបភ្លឺថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ ក្រោយពីពិនិត្យ ក្រុមគ្រូពេទ្យបានពន្យល់ឱ្យអ្នកជំងឺទទួលការវះកាត់បន្ទាន់ ប៉ុន្តែគ្រួសាររបស់អ្នកជំងឺមិនព្រម លុះដល់អ្នកជំងឺមានសភាពខ្សោយខ្លាំងទើបគ្រួសាររបស់ជនរងគ្រោះសម្រេចចិត្តផ្តិតមេដៃឱ្យគ្រូពេទ្យវះកាត់ នៅវេលាម៉ោង ៤ និង១៤នាទីទៀបភ្លឺថ្ងៃដដែល ក្រុមគ្រូពេទ្យបានសង្គ្រោះជីវិតម្ដាយ និងទារិកាបាន»។ 

ដោយសារតែទារិការងគ្រោះ មានសភាពខ្សោយពេក មន្ទីរពេទ្យសម្ភពសោភា បានសម្រេចបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ គន្ធបុប្ផា ប៉ុន្តែជាអកុសលទារិកាបានបាត់បង់ជីវិត៕