2024-01-25 12:01
117

 រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំបើកវគ្គបណ្តុះ      បណ្តាល មន្រ្តីក្រោមឱវាទ ចំនួន ៤០នាក់ មកពីការិយាល័យ និងអង្គភាពពាក់ព័ន្ធ ជុំវិញសាលាខណ្ឌ ស្តីពីសៀវភៅណែនាំ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ។

     ថ្លែងនៅក្នុងឪកាសនោះ លោក អ៊ិត ជំនិត អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានគូសបញ្ជាក់ថា នេះមិនមែនជារឿងថ្មីទេ សំរាប់យើងទាំងអស់គ្នា បញ្ហាភូមិ ឃុំ សង្កាត់ មានសុវត្តិភាព យើងធ្លាប់បានអនុវត្តច្រើនឆ្នាំមកហើយ នៅក្នុងអាណត្តិមុនៗ តែសំរាប់អាណត្តិថ្មី នាយករដ្ឋមន្រ្តីថ្មីនេះ គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព នៅតែបន្តអនុវត្តប្រកបដោយចីរភាព និងធ្វើឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ ។ 

     លោក អភិបាលរងខណ្ឌ បានថ្លែងថា ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព សំដៅទៅលើសហគមន៍ដែលមានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គមល្អប្រសើរ រក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងអនាម័យ , ប្រជាពលរដ្ឋបានទទួលការផ្តល់សេវានានា ប្រកបដោយគុណភាព តម្លាភាព និងរស់នៅប្រកបដោយសុវត្តិភាព ផាសុខភាព និងសុខដុមរមនា ។ សំរាប់អាណត្តិថ្មីនេះ រាជរដ្ខាភិបាល បានកំណត់យក លក្ខណៈសម្បត្តិចំនួន ៧ សំរាប់ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ដែលក្នុងនោះរួមមាន ៖ ១ ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត , ២ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ , ៣ មានសណ្តាប់ធ្នាប់សាធារណៈល្អ ពិសេសគ្មានគ្រោះថ្នាក់ចរចរណ៍ , ៤ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តីនិងកុមារ គ្មានអំពើ          ហឹង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង , ៥ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រពន្ធ័តុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព , ៦ មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ , ៧ ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជម្ងឺឆ្លងរាតត្បាត កាចសាហាវ ប្រកបដោយប្រសិទ្ធភាព ។

     លោក អភិបាលរងខណ្ឌ បានណែនាំដល់មន្រ្តីទាំងងអស់ សូមនាំយកចំណេះដឹងពីទីនេះ   ទៅ បណ្តុះបណ្តាលបន្ត ដល់មន្រ្តីក្រោមឱវាទ ក៍ដូជាប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសកំលាំងប្រជាការពារ ព្រោះពួកគាត់ជាមនុស្សពិសេស ដែលចូលរួមអនុវត្តគោលនយោបាយនេះ យ៉ាងសកម្មនិងមានប្រសិទ្ធភាពផងដែរ ៕