2024-03-15 01:03
43

ភ្នំពេញ៖ ករណីមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បង្ក្រាបក្លឹបកម្សាន្ត City of Starry Sky អតីតក្លឹប BOEING ចាប់យកថ្នាំញៀនជិត ៥គីឡូក្រាម ជនល្មើស ចំនួន ០៤នាក់ ត្រូវវបញ្ជូនទៅតុលាការ និងជនបរទេស ៣៣នាក់ ត្រូវបណ្តេញចេញពីកម្ពុជា។

ការបង្ក្រាបខាងលើធ្វើឡើងដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ ឧត្ដមសេន៍យ៍ ព្រុំ សន្ធរ អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅម៉ោង ២និង០០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីប្រើប្រាស់ និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្លឹបកម្សាន្ត City of Starry Sky ដែលជាអតីតក្លឹបកម្សាន្ត BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ប្រតិបតិការឆ្មក់បង្ក្រាប់នោះ កម្លាំងជំនាញបានឃាត់ខ្លួនជនល្មើសទាំង ០៤នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ រួមមាន៖ ឈ្មោះ TEOH KIN HONG (ZHANG JING KANG) ភេទប្រុស ជនជាតិម៉ាឡេស៊ី ថ្ងៃខែឆ្នាំកំណើត ១៩៩៧ (អ្នកគិតលុយ), ឈ្មោះ YANG MING LIANG ភេទប្រុស ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ១៩៨៥ (ជួញដូរ), ឈ្មោះ JIANG WEI ភេទប្រុស ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ១៩៨៧ (ជួញដូរ) និងឈ្មោះ ZHANG YONG LIN ភេទប្រុស ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ១៩៩៤ (DJ)។  

សម្រាប់អ្នកពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ចំនួន ៣៥នាក់ (ស្រី ២០នាក់) ក្នុងនោះជនជាតិខ្មែរ ០២នាក់ (ស្រី ០១នាក់) បញ្ជូនទៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា, ជនជាតិចិន ១៥នាក់ (ស្រី ១៤នាក់) បណ្តេញចេញពីប្រទេសកម្ពុជា និងជនជាតិវៀតណាម ១៨នាក់ (ស្រី ០៥នាក់) បណ្តេញចេញពីប្រទេសកម្ពុជា។ 
ដោយឡែកវត្ថុតាងចាប់យកបានរួមមាន៖ សារធាតុញៀន ប្រភេទ មេតំហ្វេតាមីន (MDMA) ទម្ងន់ ០៣គីឡូក្រាម និង ៩៨៤.៥២ក្រាម និងសារធាតុញៀន ប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៧២៤.៩០ក្រាមសារធាតុញៀនសរុបទម្ងន់ជាង ០៤គីឡូក្រាម និង ៧០៩.៤២ក្រាម។

គួររំលឹកថា កាលពីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានបង្ក្រាបទីតាំងចែកចាយ ប្រើប្រាស់គ្រឿងញៀន ឈ្មោះ BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យជាជនបរទេស ចំនួន ៩១នាក់ និងថ្នាំញៀនប្រមាណ ០៥គីឡូក្រាម មិនទាន់បានប៉ុន្មានខែផង ស្រាប់តែទីតាំងកម្សាន្តនេះប្តូរឈ្មោះ និងលួចបង្កប់ ការចែកចាយប្រើប្រាស់គ្រឿងញៀនជាថ្មីម្តងទៀត៕