2024-02-17 02:02
71

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិពរណ៌កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤ រយៈពេ៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង)។

ពិព័រណ៌កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤ ជាឱកាសថ្មីមួយទៀត ក្នុងការជំរុញការយល់ដឹងបន្ថែមពី សក្ដានុពលផលិតផលក្នុងស្រុក ព្រមទាំងការជំរុញឱ្យសាធារណជនចូលរួមគាំទ្រផលិតផលកសិកម្មកម្ពុជា។

ពិព័រណ៌កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤ រៀបចំឡើងក្រោមការចូលរួមពីលោក ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកជំរុញកំណើនប្រាក់ចំណូល របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម។

លោក ចាន់ សុវុឌ្ឍ បានថ្លែងថា ការរៀបចំកម្មវិធីតាំងពិព័រណ៍កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤ពេលនេះ ក៏ជាការចូលរួមចំណែក អបអរសាទរដល់ខួបទី៦០ (១៩៦៤-២០២៤) នៃការបង្កើតសាកលវិទ្យាល័យភូមិន្ទកសិកម្មផងដែរ។

លោកបានបន្ដថា «គោលបំណងសំខាន់នៃការតាំងពិព័រណ៍កសិកម្មវាលបៃតង និងអាហារនេះ គឺដើម្បីរួមចំណែកលើកកំពស់ ការផ្សព្វផ្សាយពីសកម្មភាពផ្សេងៗរបស់សាកលវិទ្យាល័យ ការដាក់តាំងបង្ហាញស្នាដៃ សមិទ្ធផលនានារបស់និស្សិត ការបង្កើនឱកាសដល់លោកគ្រូអ្នកគ្រូផ្សាភ្ជាប់វាងទ្រឹស្តី និងការអនុវត្តន៍ និងបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងដៃគូពាក់ព័ន្ធទាំងអស់»។លោកបានបញ្ជាក់ថា ទាំងនេះជាការជួយលើកកំពស់ ដល់ការអប់រំបណ្តុះបណ្តាល របស់សាកលវិទ្យាល័យ ឱ្យកាន់តែមានគុណភាពល្អប្រសើរទ្បើង ហើយផ្សាភ្ជាប់នឹងតម្រូវការទីផ្សារការងារផងដែរ។

លោក គី ច័ន្ទរំដួល បានថ្លែងឲ្យដឹងថា សាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាគ្រឹះស្ថានសាធារណរដ្ឋបាលមួយ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះបេសកកម្មចំបងរបស់សាកលវិទ្យាល័យ គឺអប់រំបណ្តុះបណ្តាលធនធានមនុស្សគ្រប់កម្រិត ឱ្យប្រកបដោយគុណភាពខ្ពស់ និងសិក្សាស្រាវជ្រាវ-នវានុវត្តន៍ ដើម្បីបង្កើតកញ្ចប់បច្ចេកវិទ្យាថ្មីៗ សម្រាប់សេចក្តីត្រូវការរបស់ទីផ្សារជាក់ស្តែង។

លោកបានបន្ដថា ដើម្បីសម្រេចបេសកកម្មនេះ សាកលវិទ្យាល័យត្រូវធ្វើការយ៉ាងជិតស្និទ្ធ ជាមួយគ្រប់ស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ ស្ថាប័នអ្នកផ្តល់ជំនួយ អង្គការមិនមែនរដ្ឋាភិបាល ក្រុមហ៊ុនសហគ្រាសវិស័យឯកជន សហគមន៍កសិកម្ម និង បងប្អូនប្រជាកសិករទូទៅ។

លោកបានបញ្ជាក់ថា «ជាក់ស្តែងថ្ងៃនេះយើងបានប្រារព្ធពិធីបើកការតាំងពិពរណ៌កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ជាមួយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ជាតំណាង ស្ថាប័ន ក្រុមហ៊ុន អង្គការ សហគមន៍ និងបងប្អូនអ្នកផលិតផលិតផលផ្សេងៗ ហើយពិពរណ៍នាពេលនេះ ដាក់តាំងបង្ហាញរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៦ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤»។

លោកបានបញ្ជាក់បន្ថែមថា ពិព័រណ៌កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤ ដែលកំពុងរៀបចំនាពេលនេះ មានការចូលរួមពីស្តង់សរុបចំនួន៨០ស្តង់ និងរៀបចំរយៈពេល៣ថ្ងៃ។

លោកបានបន្ដថា «ខ្ញុំសង្ឃឹមថាពិព័រណ៌កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤ នឹងរួមចំណែកលើកកំពស់ ការផ្សព្វផ្សាយពីសកម្មភាពនានាៗ ក៏ដូចជាការដាក់តាំងបង្ហាញស្នាដៃសមិទ្ធផលរបស់និស្សិតជូន ដល់បងប្អូនសាធារណជនទូទៅ រួមទាំងការបង្កើនឱកាស ដល់លោកគ្រូអ្នកគ្រូផ្សាភ្ជាប់វាងទ្រឹស្តី និងការអនុវត្តន៍ និងបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាទៅវិញទៅមក»។សូមជម្រាបថា កម្មវិធីពិព័រណ៍កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤ មានគោលបំណងសំខាន់ៗដូចជា៖
១៖ ផ្សព្វផ្សាយទៅកាន់សាធារណៈជនទូទៅអំពីសកម្មភាពសំខាន់ ៗ ដែលសាកលវិទ្យាល័យបាននឹងកំពុងអនុវត្ត និងអភិវឌ្ឍន៍។

២៖ តាំងបង្ហាញអំពីស្នាដៃសមិទ្ធផល ព្រមទាំងការលក់ផលិតផលកែច្នៃ ផ្សេងៗរបស់និស្សិតទៅកាន់សាធារណជន។
៣៖ ការបង្កើតឱកាស ដល់លោកគ្រូ អ្នកគ្រូ និងនិស្សិតក្នុងការអនុវត្តន៍ ជាក់ស្តែងអំពី អាជីវកម្មផ្សារភ្ជាប់នឹងទីផ្សារ។
៤៖ ចូលរួម និងបង្កើនទំនាក់ទំនងរវាង ស្ថាប័នរដ្ឋ សហគមន៍កសិកម្ម ក្រុមហ៊ុន វិស័យឯកជន និងអង្គភាព ជាដៃគូសហការជាមួយសាកលវិទ្យាល័យ ក្នុងការដាក់តាំងបង្ហាញ និងលក់ផលិតផលផ្សេងៗនៅក្នុងកម្មវិធីពិព័រណ៍៕