2023-10-04 01:10
203

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជិះ ម៉ូតូហុងដាស្គូពីមួយគ្រឿងត្រូវបានបុរសពីរនាក់ស្រវឹងស្រាជិះម៉ូតូសង់ប៊ិច បញ្ច្រាសផ្លូវទៅបុកពេញទំហឹង កាលពីវេលាម៉ោង ៩និង ២២ នាទីយប់ថ្ងៃទី ៣ ខែតុលាឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខក្រុមហ៊ុនប៊ូ យ៉ុងថោន ដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះសុខ ហាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី ១០ នៅវិទ្យាល័យសន្ធរមុក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HZ-2042 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏មានបុរសពីរនាក់ជិះម៉ូតូហុងដាសង់ប៊ិចមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខកំពត1E-6415ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិច ដោយជិះបញ្ច្រាសផ្លូវចរាចរណ៍ក៏ជ្រុលទៅបុកម៉ូតូស្គូពីពីមុខពេញទំហឹងបណ្ដាលឱ្យភាគីម៉ូតូស្គូពីដួលបោកទៅនឹងថ្នល់រងរបស់ធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ តែអកុសលជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកខាងភាគីបង្កបានរងរបួសបែកមុខបែកមាត់ទាំងពីរនាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ដោយឡែកសពជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕